ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអំពាវនាវឱ្យប្រជាជនអ៊ុយក្រែនរក្សាការរួបរួមគ្នា រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ះទង្កិចគ្នាបានកើតឡើងរវាងការិយាល័យប្រធានាធិបតី និងអគ្គមេបញ្ជាការរបស់ប្រទេស ខណៈសង្រ្គាមជាមួយរុស្ស៊ី កំពុងបន្ត។

មេដឹកនាំអ៊ុយក្រែន ដែលបាននិយាយថានេះមិនមែនជាពេលវេលាល្អសម្រាប់ការបោះឆ្នោតក្នុងសម័យសង្រ្គាមនៅក្នុងសុន្ទរកថាមួយកាលពីល្ងាចថ្ងៃច័ន្ទ រូបនេះ បានស្នើពលរដ្ឋអ៊ុយក្រែន ឱ្យពង្រឹងប្រទេសនិងមិនត្រូវបានទាញចូលទៅក្នុងជម្លោះដ៏គ្រោះថ្នាក់ ដែលអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាម។

ការអំពាវនាវរបស់លោក Zelenskiy បានធ្វើឡើងបន្ទាប់ពីភាពតានតឹងបានផ្ទុះឡើងកាលពីចុងសប្តាហ៍រវាងការិយាល័យប្រធានាធិបតី និងឧត្តមសេនីយជាន់ខ្ពស់របស់ខ្លួន គឺលោក Valery Zaluzhnyi ដែលបានប្រដូចស្ថានភាពនៃសមរភូមិជាមួយរុស្ស៊ី ទៅនឹងភាពជាប់គាំងពីសង្គ្រាមលោកលើកទីមួយ។
គំនិតនៃការជាប់គាំងក្នុងសមរភូមិ គឺមានភាពរសើបខ្លាំងនៅក្នុងទីក្រុងគីវ ដូចដែលប្រទេសនេះបាននិយាយម្តងហើយម្តងទៀតថា ខ្លួនប្រឆាំងនឹងការចរចាណាមួយជាមួយមេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន ហើយកងទ័ពរបស់ប្រទេសនេះត្រូវតែដកខ្លួនចេញពីទឹកដីរបស់អ៊ុយក្រែន៕