ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារ (០៧ វិចិ្ឆកា) ថា ការលើកឡើងរបស់រដ្ឋមន្ត្រីវ័យក្មេងអ៊ីស្រាអែល ដែលបង្ហាញពីការបើកចំហចំពោះគំនិតរបស់ប្រទេសនេះ ក្នុងការវាយប្រហារនុយក្លេអ៊ែរលើតំបន់ហ្កាហ្សា បានធ្វើឱ្យមានការចោទសួរជាច្រើន។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ បានផ្អាកតំណែងរដ្ឋមន្ត្រីបេតិកភណ្ឌ លោក Amihay Eliyahu ពីគណបក្សស្តាំនិយមនៅក្នុងរដ្ឋាភិបាលចម្រុះ ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី រហូតដល់មានការជូនដំណឹងបន្ថែម ជុំវិញការបញ្ចេញមតិអំពីលទ្ធភាពនៃការប្រើប្រាស់នុយក្លេអ៊ែររបស់អ៊ីស្រាអែល នៅក្នុងសង្គ្រាមតំបន់ហ្កាហ្សា។

ទីភ្នាក់ងារសារព័ត៌មាន RIA របស់រដ្ឋ បានដកស្រង់សម្ដីរបស់លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី ដែលបាននិយាយថា «ការលើកឡើងរបស់មន្រ្តីអ៊ីស្រាអែល ជុំវិញការប្រើប្រាស់នុយក្លេអ៊ែរនោះ បានលើកឡើងនូវសំណួរ និងការងឿងឆ្ងល់ជាច្រើន»។ លោកស្រីបន្ថែមថា បញ្ហាចម្បងគឺថា អ៊ីស្រាអែលហាក់ដូចជាបានសារភាពថាខ្លួនមានអាវុធនុយក្លេអ៊ែរ។
អ៊ីស្រាអែល មិនទទួលស្គាល់ជាសាធារណៈថាខ្លួនមានអាវុធនុយក្លេអ៊ែរនោះទេ ទោះបីជាសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក ប៉ាន់ស្មានថាអ៊ីស្រាអែល មានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៩០គ្រាប់ក៏ដោយ៕