ចិន ៖ នាយកប្រតិបត្តិជាន់ខ្ពស់ជាច្រើនរូប នៅថ្ងៃពុធ (ទី៨ ខែវិច្ឆិកា) នេះ បានលើកឡើងថា ការផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ច នៅក្នុងប្រទេសចិន និងឱកាសវិនិយោគ ដែលខ្លួនកំពុងបង្កើតឡើង គឺជាកត្តាជំរុញឲ្យមានកាវិនិយោគរយៈពេលវែង នៅក្នុងប្រទេស ពីសំណាក់អ្នកគ្រប់គ្រងទ្រព្យសម្បត្តិសកលលោក។
នៅឯកិច្ចប្រជុំកំពូលវិនិយោគអ្នកដឹកនាំហិរញ្ញវត្ថុសកលនៅហុងកុង លោក Mark Wiedman ដែលជាប្រធានអាជីវកម្មអតិថិជនសកលរបស់ក្រុមហ៊ុនវិនិយោគ BlackRock (BLK.N) បាននិយាយថា៖ «ប្រទេសចិនគឺជាទីផ្សារមូលធនធំជាងគេទី២ របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ សម្រាប់រយៈពេលវែង ប្រទេសចិនត្រូវតែជាផ្នែកមួយនៃផលប័ត្រវិនិយោគសកល»។
សូមបញ្ជាក់ថា លោក Wiedman ស្ថិតក្នុងចំណោមនាយកប្រតិបត្តិជាន់ខ្ពស់ជាច្រើននាក់នៃក្រុមហ៊ុនអន្តរជាតិ ដែលកំពុងនិយាយនៅឯព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ដែលបានចាប់ផ្តើមឡើង កាលពីថ្ងៃអង្គារ និងដែលត្រូវបានធ្វើឡើងផ្ទុយនឹងរូបភាពនៃការធ្លាក់ចុះសេដ្ឋកិច្ច នៅក្នុងប្រទេសចិន ដែលវិបត្តិបំណុលដ៏ធ្ងន់ធ្ងរ នៅក្នុងវិស័យអចលនទ្រព្យ បានប៉ះពាល់ដល់ក្រុមហ៊ុនធំៗមួយចំនួនរបស់ខ្លួន និងបង្កការភ័យខ្លាចដល់អ្នកវិនិយោគ៕

