យោងតាមវិទ្យុ Sham FM ដែលគាំទ្ររដ្ឋាភិបាលស៊ីរី និងមន្ទីរបញ្ចកោណ កងកម្លាំងសហរដ្ឋអាមេរិកបានវាយប្រហារទីតាំងនានានៅក្នុងខេត្ត ឌៀ អាល់ហ្ស៊រ(Deir al-Zour) ភាគខាងកើតប្រទេសស៊ីរី បន្ទាប់ពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍នេះ។

របាយការណ៍បាននិយាយថា ពួកគេបានវាយប្រហារតំបន់ជុំវិញផ្លូវ បរសាអ៊ីដ(Bor Saeed) ភាគខាងកើតក្រុង ឌៀ អាល់ហ្ស៊រ ដោយកត់សម្គាល់ថា ការវាយប្រហារនេះបានបង្កឱ្យមានការផ្ទុះដ៏ខ្លាំងក្លា។
ក្នុងពេលជាមួយគ្នានេះ ក្រុមឃ្លាំមើលសង្រ្គាម និងសិទ្ធិមនុស្សរបស់ប្រទេសស៊ីរី បាននិយាយថា យន្តហោះចម្បាំងបានវាយប្រហារទីតាំងយោធា និងឃ្លាំងអាវុធមួយកន្លែង នៅតំបន់ជុំវិញផ្លូវ Bor Saeed។

វិទ្យុ Sham FM ក៏បានរាយការណ៍ផងដែរពីការផ្ទុះដ៏ខ្លាំងក្លានៅឯអណ្តូងប្រេងអាល់អូម៉ា (al-Omar )ដែលជាទីតាំងមូលដ្ឋានទ័ពអាមេរិក ស្ថិតនៅតំបន់ជនបទភាគខាងកើតនៃទីក្រុង Deir al-Zour ។
ទន្ទឹមនឹងនេះ មន្ទីរបញ្ចកោណបានបញ្ជាក់ថា នោះគឺជាការវាយប្រហារតាមអាកាសដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងទីក្រុង Deir al-Zour ដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសស្វ័យការពារ លើទីតាំងមួយនៅភាគខាងកើតប្រទេសស៊ីរី ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដោយសម្ព័ន្ធក្រុមកងកម្លាំង IRGC-Quds Force គាំទ្រដោយប្រទេសអ៊ីរ៉ង់។
មិនទាន់មានព័ត៌មានអំពីការខូចខាតបង់នៅឡើយទេ។
របាយការណ៍នានាបាននិយាយថាឧបទ្ទវហេតុនាពេលបច្ចុប្បន្ននេះទំនងជាផ្នែកមួយនៃការបាញ់ប្រហារតបតគ្នា ដែលកំពុងកើនឡើងនាពេលថ្មីៗនេះរវាងក្រុមអ្នកប្រយុទ្ធគាំទ្រអ៊ីរ៉ង់ និងកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងទីក្រុង Deir al-Zour ៕