ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានលើកសរសើរ «ជំហានជាប្រវត្តិសាស្ត្រ» នៃអនុសាសន៍របស់នាយកប្រតិបត្តិសហភាពអឺរ៉ុប កាលពីថ្ងៃពុធ (០៨ វិច្ឆិកា) ក្នុងការអញ្ជើញទីក្រុង គីវ ឱ្យចាប់ផ្តើមកិច្ចចរចាពីសមាជិកភាពភ្លាមៗនៅពេលដែលខ្លួនបំពេញលក្ខខណ្ឌចុងក្រោយ ទោះបីជាប្រទេសនេះកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញដើម្បីសងសឹកសង្គ្រាមរបស់រុស្ស៊ីក៏ដោយ។

អនុសាសន៍របស់គណៈកម្មាការអឺរ៉ុបនោះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅលើផ្លូវរបស់ទីក្រុងគីវ ទៅកាន់សមាហរណកម្មលោកខាងលិច និងជាល្បែងភូមិសាស្ត្រនយោបាយសម្រាប់សហភាពអឺរ៉ុប ខណៈអ៊ុយក្រែន បាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ មក។

មេដឹកនាំជាតិទាំង ២៧រូបនៃសហភាពអឺរ៉ុប នឹងត្រូវសម្រេចចិត្តនៅពាក់កណ្តាលខែធ្នូ ថាតើត្រូវទទួលយកអនុសាសន៍របស់គណៈកម្មការជុំវិញសមាជិកភាពអ៊ុយក្រែន ដែរឬទេ។ ការសម្រេចចិត្តបែបនេះតម្រូវឱ្យមានការឯកភាពគ្នាពីសមាជិកទាំង ២៧រូបរបស់ប្លុក ដោយប្រទេសហុងគ្រី ត្រូវបានគេមើលឃើញថាជាឧបសគ្គដ៏សំខាន់ក្នុងជំហាននេះ។
ប្រសិនបើសំណើនេះត្រូវបានទទួលយក ក្រុមមន្ត្រីសហភាពអឺរ៉ុបរំពឹងថា កិច្ចពិភាក្សាជាផ្លូវការជាមួយទីក្រុងគីវ នឹងចាប់ផ្តើមនៅឆ្នាំក្រោយ។ ការចរចាបែបនេះត្រូវចំណាយពេលជាច្រើនឆ្នាំមុនពេលបេក្ខជនបំពេញតាមលក្ខណៈវិនិច្ឆ័យផ្នែកច្បាប់ និងសេដ្ឋកិច្ចទូលំទូលាយដើម្បីចូលរួមជាសមាជិក ហើយប្លុកនេះក៏មានការប្រុងប្រយ័ត្នក្នុងការទទួលយកសំណើសមាជិកភាពពីប្រទេសណាមួយដែលកំពុងមានសង្រ្គាមផងដែរ៕