ជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ បានរត់ភៀសខ្លួនចេញពីតំបន់ភាគខាងជើងហ្កាហ្សា ចូលទៅភាគខាងត្បូងវិញ កាលពីថ្ងៃពុធ ដោយថ្មើរជើង នៅទូទាំងតំបន់រងការឡោមព័ទ្ធមួយនេះ ជាការចាកចេញយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយសារយុទ្ធនាការវាយប្រហារជើងគោក និងអាកាសកាន់តែខ្លាំងរបស់អ៊ីស្រាអែល។

ដំណើរចាកចេញរបស់មនុស្សជាច្រើនទាំង ស្ត្រី កុមារ មនុស្សចាស់ និងជនពិការ បានធ្វើដំណើរនៅតាមផ្លូវ សាលា អ៊ីឌីន (Salah Eddin) ជាផ្លូវហាយវេមួយ ក្នុងចំណោមផ្លូវហាយវ៉េជាច្រើនក្នុងភាគខាងជើងទៅកាន់ភាគខាងត្បូងចំនួនពីរនៅក្នុងតំបន់ហ្កាហ្សា តាមបណ្តោយច្រករបៀងជម្លៀសដែលប្រកាសដោយកងកម្លាំងការពារអ៊ីស្រាអែល។

យុវតីម្នាក់បានប្រៀបធៀបចលនាដ៏ធំនេះទៅនឹង ណាកបា (Nakba) ឬមហន្តរាយ ជាភាសាអារ៉ាប់ សម្រាប់ការបណ្តេញជនជាតិប៉ាឡេស្ទីនចេញពីទីក្រុងរបស់ពួកគេក្នុងអំឡុងពេលបង្កើតអ៊ីស្រាអែល។
នេះជាថ្ងៃទី៥ ជាប់គ្នាដែលកងកម្លាំងការពារអ៊ីស្រាអែល(IDF) បើកច្រកសម្រាប់ការជម្លៀស ហើយចំនួនមនុស្សភៀសខ្លួនទៅកាន់ភាគខាងត្បូងបានកើនឡើងជារៀងរាល់ថ្ងៃ។
អង្គការសហប្រជាជាតិបាននិយាយថាមនុស្សប្រមាណ២.០០០នាក់ បានភៀសខ្លួនទៅកាន់ភាគខាងត្បូងកាលពីថ្ងៃអាទិត្យដោយកើនឡើងដល់ ១៥.០០០នាក់ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ។ រដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយថាប្រជាជន ហ្កាហ្សាប្រហែល ៥០.០០០ នាក់បានធ្វើដំណើរតាមច្រករបៀងជម្លៀសខ្លួនកាលពីថ្ងៃពុធ។ ចំនួននោះមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ ប៉ុន្តែអ្នកសារព័ត៌មាន CNN នៅទីនោះ បាននិយាយថាចំនួនដែលកំពុងចាកចេញគឺច្រើនជាងកាលពីថ្ងៃអង្គារ៕