
សៀមរាប៖ កណ្ដុរហិតមីនកម្ពុជា មានឈ្មោះថា ម៉ាហ្កាវ៉ា (Magawa) ដែលជាកណ្ដុរ របស់កម្ពុជា ដែលទទួល បានមេដាយមាសពីអង់គ្លេស ត្រូវបានដាក់ឱ្យចូលនិវត្តនៅខែមិថុនានេះ ក្រោយបម្រើការងាររុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសង្គ្រាម អស់រយៈពេល៥ឆ្នាំកន្លងទៅ។ នេះបើតាមការឱ្យដឹងរបស់មជ្ឈមណ្ឌល អាប៉ូប៉ូ ដែលជាកន្លែងហ្វឹកហ្វឺនកណ្ដុរនៅកម្ពុជា នៅក្នុងសៀមរាប។
សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលអាប៉ូប៉ូ (APOPO) ដែលបានចេញផ្សាយនៅថ្ងៃទី០៧ ខែមិថុនានេះ បានឱ្យដឹងថា ម៉ាកាវ៉ា គឺជាសត្វកណ្ដុរយក្សអាហ្វ្រិកមួយក្បាល ដែលបានកើតនៅតង់ហ្សានី ក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ ដែលមកដល់ពេលនេះ មានអាយុ៧ឆ្នាំហើយ។
បន្ទាប់មកវាបានផ្លាស់មករស់នៅខេត្តសៀមរាប ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៦ ជាកន្លែងដែលវាចាប់ផ្តើមអាជីពជោគជ័យ ដោយធ្វើការជាដៃគូជាមួយមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)។ រហូតមកដល់បច្ចុប្បន្ននេះ វាបានរកឃើញគ្រាប់ មីនចំនួន ៧១គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ទៀត ដែលបានធ្វើវាក្លាយជាវីរកណ្ដុរជោគជ័យ បំផុតរបស់មជ្ឈមណ្ឌលAPOPO។ ម៉ាហ្គាវ៉ា បានជួយបោសសម្អាតផ្ទៃដីជាង២២ម៉ឺន៥ពាន់ ម៉ែត្រក្រឡា សម្រាប់សហគមន៍មូលដ្ឋានរស់នៅ។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២០ ម៉ាហ្កាវ៉ា បានទទួលមេដាយ មាសការងារពីអង្គការសប្បុរសធម៌សត្វព្រៃ នៃប្រទេសអង់គ្លេស (PDSA)។
ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌល សកម្មភាព កម្ចាត់មីនកម្ពុជា បានបញ្ជាក់ថា កណ្ដុរម៉ាហ្គាវ៉ា ត្រូវបានដាក់ឱ្យចូលនិវត្ត ដោយសារតែវ័យចាស់ និងសុខភាព ហើយនឹងត្រូវរក្សាទុកនៅក្នុងមណ្ឌលដោះមីននាខេត្តសៀមរាប ដែលអាច ចូលរួមជួយហ្វឹកហ្វឺន កណ្ដុរដទៃទៀត ព្រោះម៉ាហ្កាវ៉ា មានបទពិសោធន៍ច្រើន។
ឯកឧត្ដម បានបញ្ជាក់ថា ក្រោយការចូលនិវត្តរបស់ម៉ាហ្កាវ៉ា ស៊ីម៉ាក់ នឹងបង្កើតក្រុមដោះមីនថ្មី បន្ថែមទៀត ដែលមានកណ្តុរចំនួន២០ក្បាល ដែលទើបប្រឡងជាប់។
ឯកឧត្ដម បានបន្ដថា ម៉ាហ្គាវ៉ា បានចូលរួមក្នុងការពន្លឿនល្បឿន នៃការបោសសម្អាតមីន បង្កើន ប្រសិទ្ធភាព នៃកិច្ចប្រតិបត្តិការឱ្យកាន់តែប្រសើរ។
បើតាមឯកឧត្ដម ហេង រតនា បច្ចុប្បន្ន កម្ពុជា មានកណ្តុរដោះមីនកំពុងបំពេញប្រតិបត្តិការ និងកំ ពុងហ្វឹកហ្វឺន ចំនួន៤០ក្បាល ហើយកណ្តុរដែលបានងាប់ និងចូលនិវត្តជាបន្តបន្ទាប់ មានចំនួន១៦ក្បាល ខណៈផ្ទៃដី ដែលនៅសេសសល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មានជាង៨០០គីឡូម៉ែត្រក្រឡា៕ អត្ថបទ៖ ឈិត សាវី





