ស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធមនុស្សអង្គការសហប្រជាជាតិ និយាយកាលពីថ្ងៃពុធថា ឧក្រិដ្ឋកម្មសង្គ្រាម ត្រូវបានប្រព្រឹត្តិឡើងដោយភាគីទាំងពីរ អ៊ីស្រាអែលនិងក្រុមហាម៉ាស់ នៅក្នុងជម្លោះ ដែលបានផ្ទុះឡើងរយៈពេល១ខែមកនេះ។

លោក Volker Turk បាននិយាយនៅច្រកឆ្លងកាត់តំបន់ Rafah ក្នុងប្រទេសអេហ្ស៊ីប ព្រំដែនជាមួយតំបន់ហ្កាហ្សាថា អំពើឃោឃៅត្រូវបានប្រព្រឹត្តឡើង ដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា គឺយង់ឃ្នងបំផុត វាជាឧក្រិដ្ឋកម្មសង្គ្រាម ខណៈកំពុងបន្តឃុំខ្លួនចំណាប់ថ្នូរ។
លោកនិយាយថា ការដាក់ទណ្ឌកម្មជារួម ធ្វើឡើងដោយអ៊ីស្រាអែលលើជនស៊ីវិលប៉ាឡេស្ទីន គឺជាឧក្រិដ្ឋកម្មសង្គ្រាម ខណៈជាការជម្លៀសជនស៊ីវិលដោយបង្ខំ។

និយាយអំពីការផ្តល់ជំនួយមនុស្សធម៌ ដែលត្រូវបានដឹកជញ្ជូនតាមច្រកឆ្លងកាត់តំបន់Rafah លោក Turk និយាយថាជីវិតមានភាពអយុត្តិធម៌ ឃោឃៅខ្លាំង។ អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកទៅលើតំបន់ហ្កាហ្សាឥតឈប់ឈរ ក្នុងការឆ្លើយតបទៅនឹងការឆ្មក់ចូលរបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនចូលអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី៧ ខែតុលា ដែលខ្មាន់កាំភ្លើង បានសម្លាប់មនុស្ស១.៤០០នាក់ និងចាប់ចំណាប់ថ្នូរប្រមាណ២៤០នាក់។
អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកនៅតំបន់ហ្កាហ្សាបណ្តាលឲ្យមនុស្ស១០.៥០០នាក់ស្លាប់ មានស្ត្រីនិងកុមារភាគច្រើន។
លោក Turk និយាយថា លោកបានចាត់ទុកជាជាបញ្ហាបន្ទាន់ សម្រាប់ភាគីទាំងអស់ នៅពេលនេះដើម្បីព្រមព្រៀងលើបទឈប់បាញ់។ លោកនិយាយថា មានភាពចាំបាច់ផ្នែកសិទ្ធមនុស្សចំនួន៣ គឺ ដឹកជញ្ជូនជំនួយមនុស្សធម៌គ្រប់គ្រាន់ទៅកាន់តំបន់ហ្កាហ្សា ដោះលែងចំណាប់ថ្នូរ និងអនុវត្តការបញ្ចប់រយៈពេលជាយូរចំពោះការចូលកាន់កាប់។