
មន្ត្រីជាន់ខ្ពស់ របស់ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចពិភាក្សានៅថ្ងៃសុក្រនេះ ដោយបានបញ្ជាក់ពីតម្រូវការដើម្បីពង្រឹងបន្ថែមមិត្តភាពរបស់ប្រទេសទាំងពីរដែលអាចដោះស្រាយបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមសកលបន្ទាន់។ ដោយហៅថា «កិច្ចសន្ទនា២+២» ប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin និងសមភាគីរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar និងរដ្ឋមន្ត្រីការពារជាតិលោក Rajnath Singh មានបំណងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងគាំទ្រគោលដៅគោលនយោបាយរបស់ប្រទេសទាំងពីរ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ មន្ត្រី និងអ្នកវិភាគនិយាយថា ទោះបីជាទីក្រុងវ៉ាស៊ីនតោន កំពុងខ្វល់ខ្វាយជាមួយសង្គ្រាមនៅតំបន់ហ្កាហ្សា និងនៅអ៊ុយក្រែនក៏ដោយ កិច្ចពិភាក្សានៅថ្ងៃសុក្រនេះត្រូវបានគេរំពឹងថា ផ្តោតជាសំខាន់ទៅលើកិច្ចពិភាក្សាឆ្ពោះទៅរកការការពារជាតិ ឥណ្ឌា-អាមេរិក និងទំនាក់ទំនងជាយុទ្ធសាស្ត្រ ព្រមទាំងបញ្ហាតំបន់នៅអាស៊ីខាងត្បូង និងតំបន់មហាសមុទ្រឥណ្ឌាដ៏ធំធេង។ លោក Austin និយាយថា វាកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដែលប្រទេសលទ្ធិប្រជាធិបតេយ្យធំបំផុតទាំងពីរនៅលើពិភពលោកផ្លាស់ប្តូរទស្សនៈគ្នា ស្វែងរកគោលបំណងរួម ក្នុងការប្រឈមមុខចំពោះបញ្ហាប្រឈមសកលបន្ទាន់។ លោក Blinken និយាយថា យើងកំពុងជំរុញតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលធន់ ធានាសន្តិសុខ វិបុលភាព សេរី និងបើកចំហ រួមទំាងការពង្រឹងភាពជាដៃគូរបស់យើង តាមរយៈក្រុមប្រទេស៤ QUAD ជាមួយប្រទេសជប៉ុន និងប្រទេសអូស្រាលី ដែលលោកបាននិយាយយោងទៅរកក្រុមប្រទេសចំនួន៤ ត្រូវបានគេមើលឃើញថាជាកិច្ចប្រឹងប្រែងមួយដើម្បីប្រឆាំងការកើតឡើងឥទ្ធិពលរបស់ប្រទេសចិន។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Jaishankar និយាយថា កិច្ចសន្ទនានេះ នឹងជួយ កសាងភាពជាដៃគូដែលកំពុងទន្ទឹងរង់ចាំ ខណៈយើងកសាងរបៀបវារៈសកលរួមគ្នា។ ប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងពិភាក្សាពីការព្រួយបារម្ភរួមគ្នា ប៉ុន្មានថ្ងៃមុនពេលជំនួបដែលរំពឹងទុករបស់លោក Biden ជាមួយប្រធានាធិបតីចិន លោក Xi Jinpingនៅសប្តាហ៍ក្រោយ នៅក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ក្នុងទីក្រុង San Francisco ។