
រដ្ឋាភិបាលអូស្រ្តាលី និយាយនៅថ្ងៃសុក្រនេះថា អូស្រ្តាលី បានដោះលែងបុរសជនជាតិរ៉ូហ៊ីងយ៉ាគ្មានរដ្ឋម្នាក់ ដែលបានឃុំខ្លួននៅមន្ទីរបង្ខាំងជនអន្តោប្រវេសន៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីការសម្រេចជាប្រវត្តិសាស្រ្តរបស់តុលាការ ដែលវានឹងត្រួសត្រាយផ្លូវបញ្ចប់ការឃុំខ្លួនគ្មានការកំណត់លើក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោណ ។
កាលពីថ្ងៃពុធ តុលាការជាន់ខ្ពស់ បានសម្រេចថា បុរសម្នាក់មកពីមីយ៉ាន់ម៉ា ដែលត្រូវបានឃុំខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ក្រោយជាប់ពន្ធនាគារសម្រាប់ការបំពានផ្លូវភេទលើកុមារនោះ ត្រូវបានគេឃាត់ខ្លួនដោយខុសច្បាប់ ស្របពេលដែលគ្មានក្តីសង្ឃឹមពិតប្រាកដឲ្យគាត់អាចនាំចេញពីអូស្រ្តាលីក្នុងពេលអនាគតខាងមុខ ។
សាលក្រមនេះ នឹងបដិសេធន៍ចោលការសម្រេចរបស់តុលាការអូស្ត្រាលីកាលពីរយៈពេលប្រហែល ២០ឆ្នាំមុនដែលនិយាយថា ការឃាត់ខ្លួនជនអន្តោប្រវេសន៍គ្មានការកំណត់ គឺស្របច្បាប់ ដរាបណាដែលរដ្ឋាភិបាលមានបំណងចុងក្រោយនាំយកអន្តោប្រវេសន៍ចេញពីប្រទេសអូស្រ្តាលី ។
យោងតាមឯកសាររបស់តុលាការ បានឲ្យដឹងថា បុរសជនជាតិរ៉ូហ៊ីងយ៉ាម្នាក់នេះ បានមកដល់អូស្រ្តាលីតាមទូកកាលពីឆ្នាំ ២០១២ ។ គាត់ត្រូវបានចាប់ខ្លួន និងកាត់ទោសពីបទបំពានផ្លូវភេទលើកុមារកាលពីឆ្នាំ ២០១៥ ។ ក្រោយជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរបង្ខំាងជនអន្តោប្រវេសន៍នៅឆ្នាំ ២០១៨ ។
ឧត្តមស្នងការជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) និយាយថា ការសម្រេចមួយនេះមានសក្តានុពល ដើម្បីចាប់ផ្តើមអនុវត្តន៍ប្រតិបត្តិការឃុំខ្លួនជនអន្តោប្រវេសន៍របស់អូស្រ្តាលីជាមួយនឹងច្បាប់អន្តរជាតិ ៕