
សេវាកម្មសង្រ្គោះបន្ទាន់ក្នុងស្រុក និយាយថា ទូកដឹកជនអន្តោប្រវេសន៍ ៨១នាក់ បានធ្វើដំណើរទៅដល់កោះ El Hierro នៃប្រជុំកោះ Canary ដែនដីរបស់អេស្ប៉ាញ ដែលរួមទាំងមនុស្សម្នាក់បានស្លាប់ ហើយនិងមនុស្សច្រើននាក់ផ្សេងទៀត ត្រូវការជំនួយវេជ្ជសាស្រ្ត ។
សេវាកម្មសង្រ្គោះបន្ទាន់ បាននិយាយដោយពុំផ្តល់សេចក្តីលម្អិតថា យ៉ាងហោចជនអន្តោប្រវេសន៍ ៥នាក់ ទទួលបានការព្យាបាលនៅមន្ទីរពេទ្យបណ្តោះអាសន្ន ដែលត្រូវបានបង្កើតឡើងដោយក្រុមកាកបាទក្រហម នៅកំពង់ផែ La Restinga ។
ជនអន្តោប្រវេសន៍មួយចំនួនដែលបានធ្វើដំណើរមកដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានទទួលរងការថយចុះកម្តៅ និងខះជាតិទឹក ។
ទីក្រុង La Restinga ដែលជាទីក្រុងមានពលរដ្ឋរស់នៅប្រហែល ៤០០នាក់ និងជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរនោះ បានក្លាយជាមេដែកសម្រាប់ជនអន្តោប្រវេសន៍ដែលព្យាយាមធ្វើដំណើរទៅកាន់អឺរ៉ុប មកពីអាហ្វ្រិកខាងលិច ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ។
ក្រុមកាកបាទក្រហម បានផ្តល់ភួយក្រហមដល់ជនអន្តោប្រវេសន៍ ស្របពេលដែលពួកគេឈររង់ចាំនៅលើផែ ដើម្បីឲ្យនគបាលជាតិ ចុះបញ្ជីការចូលរបស់ពួកគេ ។
យោងតាមក្រុមអាជ្ញាធរក្នុងតំបន់ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ប្រហែល ៣២.០០០នាក់ ដែលធ្វើដំណើរតាមទូកដ៏គ្រោះថ្នាក់ បានមកដល់ប្រជុំកោះ Canary ក្នុងឆ្នាំនេះ ចេញពីអាហ្វ្រិកខាងលិច ពោលគឺមានចំនួនខ្ពស់ជាងកំណត់ត្រាលើកមុនកាលពីឆ្នាំ ២០០៦ ៕