អង់គ្លេស ៖ ដោយផ្តោតលើក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍យោធាដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស BAE Systems (BAES.L) នៅថ្ងៃសុក្រនេះ បាតុករគាំទ្រប៉ាឡេស្ទីនរាប់សិបនាក់ បានបិទផ្លូវចូលទៅកាន់រោងចក្ររបស់ក្រុមហ៊ុននេះ ដើម្បីទាមទារឲ្យបញ្ឈប់ការផ្គត់ផ្គង់អាវុធទៅកាន់អ៊ីស្រាអែល។
ដោយកាន់បដាដែលសរសេរថា «បញ្ឈប់ការផ្ដល់អាវុធដល់អ៊ីស្រាអែល» និងគ្រវីទង់ជាតិប៉ាឡេស្ទីន មនុស្សប្រហែល ៥០នាក់បានឈរនៅមុខច្រកចូលមួយ នៅទីក្រុង Rochester ក្នុងតំបន់ Kent ជាកន្លែងដែលក្រុមហ៊ុន BAE ធ្វើតេស្ត និងដំឡើងឧបករណ៍អេឡិចត្រូនិក ដែលប្រើនៅលើយន្តហោះយោធា និងនៅក្នុងប្រព័ន្ធតាមដាន។ ចំណែកបាតុកររាប់សិបនាក់ផ្សេងទៀតបានប្រមូលផ្តុំគ្នានៅច្រកចូលដទៃទៀត។
យ៉ាងណាក្ដី ក្រុមហ៊ុន BAE បាននិយាយថា ខ្លួនមិនបាននាំចេញឧបករណ៍យោធាណាមួយដោយផ្ទាល់ទៅកាន់អ៊ីស្រាអែលនោះទេ ប៉ុន្តែក្រុមហ៊ុននេះ គឺជាអ្នកផ្គត់ផ្គង់ឧបករណ៍កម្រិតទី១ សម្រាប់យន្តហោះចម្បាំង F-35 ដែលផលិតដោយសហរដ្ឋអាមេរិក និងដែលត្រូវបានប្រតិបត្តិការដោយអ៊ីស្រាអែល។
សូមបញ្ជាក់ថា ការតវ៉ា នៅរោងចក្ររបស់អង់គ្លេសនេះ កើតមានបន្ទាប់ពីមានការចាត់វិធានការរបស់សហជីព នៅប្រទេសបែលហ្សិក និងអេស្ប៉ាញ ដែលបានបដិសេធមិនទទួលយកការដឹកជញ្ជូនសម្ភារៈយោធា ពាក់ព័ន្ធនឹងសង្គ្រាម នៅតំបន់ហ្កាហ្សា៕

