ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១១ខែវិច្ឆិកានេះ បានបញ្ចូលកម្លាំងនៃបញ្ជាការដ្ឋានទ័ពពិសេស និងកងកម្លាំងមួយផ្នែករបស់បញ្ជាការដ្ឋានកងពលតូចលេខ៧០ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទសរុបទាំងអស់ចំនួន ៩២នាក់ រួមនឹងសម្ភារៈ បរិក្ខាយោធាមួយចំនួនទៀត បញ្ចូលទៅកាន់តំបន់កាវតាន ទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមក្នុងសមយុទ្ធ «សន្តិភាព មិត្តភាព ២០២៣» អាមែនយូយី ២០២៣ "AMAN YOUYI 2023" ។
បើតាមប្រសាសន៍ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានប្រាប់ឱ្យដឹងថា សមយុទ្ធរួមគ្នានេះ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការយោធាចម្រុះលើការប្រឆាំងភេរវកម្ម និងការថែរក្សាសន្តិសុខលម្ហសមុទ្រ» ដែលមានរយៈពេល ១០ថ្ងៃ ពោលចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលរៀបចំដោយកងទ័ពរំដោះប្រជាជនចិន និងមានការចូលរួមពីតំណាងអង្គការសហប្រជាជាតិ និងកងកម្លាំងកងទ័ពប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ វៀតណាម និងប្រទេសចិន។លើសពីនេះ ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបន្តថា នៅថ្ងៃបិទបញ្ចប់សមយុទ្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងពិធីនោះផងដែរ។
ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា ប្រធានក្រុមដឹកនាំកងកម្លាំងចូលរួម «សមយុទ្ធ សន្តិភាព ឆ្នាំ២០២៣» បានឱ្យដឹងដែរថា ពេលបានចូលរួមក្នុងសមយុទ្ធនៅប្រទេសចិននាពេលនេះ គឺមានមោទនភាពណាស់ ដែលកងយោធពលខេមរភូមិន្ទ ត្រូវបានមិត្តចិនអញ្ជើញឱ្យចូលរួមក្នុងសមយុទ្ធពហុសាសន៍រួមគ្នាដ៏មានសារៈសំខាន់។ ជាមួយគ្នានេះ កងកម្លាំងចូលរួមធ្វើសមយុទ្ធបានប្តេជ្ញាថា នឹងយកចិត្តទុកដាក់សិក្សាដកពិសោធន៍ ទាំងចំណេះដឹង និងចំណេះធ្វើ ពីបណ្ដាប្រទេសដែលចូលរួម។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងចូលរួមធ្វើសមយុទ្ធខាងលើ នាថ្ងៃទី១០ខែ វិច្ឆិកាម្សិលមិញ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានរំលឹកដល់នាយទាហានដែលទៅចូលរួមក្នុងសមយុទ្ធពហុសាសន៍នេះ ត្រូវចូលរួមគោរពដាច់ខាត នៅរាល់បទបញ្ជា និងការចាត់តាំងនានា របស់ថ្នាក់ដឹកនាំក្រុម ឬមេបញ្ជាការដឹកនាំ ពិសេសបទបញ្ជាផ្ទៃក្នុង នៃសមយុទ្ធរបស់ប្រទេសម្ចាស់ផ្ទះ ហើយក៏រក្សាឱ្យបាននៅតម្លៃ សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិ សម្រាប់ជាតិយើងផងដែរ៕ អត្ថបទ៖ទូច សោភ័ណ







