
ក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយនគរបាលនៅខាងក្រៅទីស្នាក់ការគណបក្សសង្គមនិយមក្នុងទីក្រុងម៉ាឌ្រីដ របស់ប្រទេសអេស្ប៉ាញ រយៈពេលបីយប់ជាប់ៗគ្នាកាលពីថ្ងៃសៅរ៍ (១១ វិច្ឆិកា)។
ក្រុមបាតុករបានគប់ដុំថ្ម កាំជ្រួច និងវត្ថុផ្សេងៗ ខណៈនគរបាលកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីគ្រប់គ្រងហ្វូងមនុស្សដែលកំពុងតវ៉ា បន្ទាប់ពីនាយករដ្ឋមន្ត្រីស្តីទីសង្គមនិយមអេស្ប៉ាញ លោក ប៉េដ្រូ សានឆេស (Pedro Sánchez) ទទួលបានការគាំទ្រដើម្បីបន្តតំណែងនៅអាណត្តិថ្មី។
ការគាំទ្ររបស់គណបក្សជាតិ បាសកេ (PNV) និងសម្ព័ន្ធប្រជុំកោះកាណារី រួមជាមួយនឹងគណបក្សផ្ដាច់ខ្លួនកាតាឡាន់ ហ៊ុនស៎ (Junts) ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ (៩០ វិច្ឆិកា) ថានឹងផ្តល់ឱ្យលោកនាយករដ្ឋមន្ត្រីស្តីទី សានឆេស នូវសំឡេងគាំទ្រភាគច្រើនដ៏លើសលប់នៅក្នុងសភាជាន់ទាប ដែលមានសមាជិក៣៥០រូប នៅក្នុងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅប៉ុន្មានថ្ងៃខាងមុខនេះ។
កិច្ចព្រមព្រៀងដែលធានាបានជាមួយគណបក្សផ្ដាច់ខ្លួនកាតាឡាន់ ហ៊ុនស៎ រួមមានការអនុម័តច្បាប់ដ៏ចម្រូងចម្រាសដែលផ្តល់ការលើកលែងទោសដល់អ្នកដែលត្រូវបានកាត់ទោសជុំវិញការប៉ុនប៉ងរបស់សហគមន៍កាតាឡូនីញ៉ា (Catalonia) ដើម្បីទទួលបានឯករាជ្យផ្ដាច់ខ្លួនចេញពីប្រទេសអេស្ប៉ាញ ក្នុងឆ្នាំ២០១៧។
គូប្រជែងអភិរក្សនិយមរបស់លោក សានឆេស បានចោទប្រកាន់នាយករដ្ឋមន្ត្រីស្តីទីរូបនេះថា បានដាក់នីតិរដ្ឋរបស់ប្រទេសអេស្ប៉ាញ ធ្វើជាផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន៕