ការផ្ទុះបានបង្កឲ្យមានសំឡេងលានឮយ៉ាងខ្លាំង និងផ្សែងទាំងផ្ទាំងៗហោះទៅលើអាកាស បន្ទាប់ពីយោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារទីតាំងសកម្មប្រយុទ្ធ នៅតាមបណ្តោយព្រំដែនជាមួយប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ។
យោធាអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារនេះ គឺជាការសងសឹក បន្ទាប់ពីក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅលីបង់ បានបាញ់មីស៊ីលប្រឆាំងរថក្រោះ ធ្វើឲ្យជនស៊ីវិលអ៊ីស្រាអែលជាច្រើនរងរបួស។

ជម្លោះនៅតំបន់ហ្កាហ្សា បានបង្កឲ្យមានការប៉ះទង្គិចជាថ្មី នៅតាមបណ្តោយព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល ជាមួយប្រទេសលីបង់ ដែលបានមើលឃើញការប្រយុទ្ធដ៏អាក្រក់បំផុត ចាប់តាំងពីឆ្នាំ២០០៦។
យោធាអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានបញ្ចេញវីដេអូនៃអ្វីដែលខ្លួនបាននិយាយថា ជាការវាយប្រហារលើអគារដែលខ្លួននិយាយថា ជាគោលដៅរបស់ក្រុមហេសបូឡា នៅប្រទេសលីបង់។
ការបាញ់គ្នាកាលពីថ្ងៃអាទិត្យ កើតឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍( Yoav Gallant) បានព្រមានក្រុមហេសបូឡាប្រឆាំងនឹង«ការអូសទាញប្រទេសលីបង់ឲ្យចូលក្នុងសង្រ្គាម»។
លោកបាននិយាយថា៖ «អ្វីដែលយើងកំពុងធ្វើនៅតំបន់ហ្កាហ្សា យើងក៏អាចធ្វើនៅទីក្រុងបេរូតបានដែរ»៕
