
កងកម្លាំងរុស្ស៊ីបាននិងកំពុងបង្កើនការវាយប្រហាររបស់ខ្លួនទៅលើទីក្រុង Kherson ភាគខាងត្បូងអ៊ុយក្រែន ខណៈដែលថ្ងៃសៅរ៍ គឺគម្រប់រយៈពេល ១ឆ្នាំ គិតចាប់តាំងពីតំបន់នេះរំដោះខ្លួនចេញពីការកាន់កាប់របស់រុស្ស៊ី។
អភិបាលតំបន់ Kherson លោក Oleksandr Prokudin បាននិយាយថា ទីក្រុងនេះរងនូវការបាញ់ផ្លោងជាច្រើនដង ចាប់ពីថ្ងៃសៅរ៍ ដល់ព្រឹកថ្ងៃអាទិត្យ ដោយបានបណ្ដាលឲ្យបុរសវ័យ ៦៤ឆ្នាំម្នាក់ស្លាប់ និង ៤នាក់ផ្សេងទៀតរងរបួស ហើយលោកក៏បានបន្ថែមថា បណ្ណាល័យមួយ ត្រូវបានខូចខាត។
មេបញ្ជាការអ៊ុយក្រែនដែលដឹកនាំកងទ័ពប្រយុទ្ធនៅភាគខាងត្បូងនេះ បានបង្ហោះសារ នៅលើបណ្ដាញសង្គម កាលពីថ្ងៃអាទិត្យ (ទី១២ ខែវិច្ឆិកា) ថា កងកម្លាំងរុស្ស៊ីកំពុងបង្កើនការវាយប្រហារតាមអាកាសដោយប្រើគ្រាប់បែកកំណត់គោលដៅ។ លោកបានសរសេរថា ទាហានរុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសចំនួន ៣០លើកមកលើទីក្រុងភាគខាងត្បូងនេះ កាលពីថ្ងៃមុន។
ជាមួយគ្នានេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា ភាគីអ៊ុយក្រែនទទួលខុសត្រូវចំពោះការបំផ្ទុះ ដែលបានសម្លាប់មន្ត្រីយ៉ាងហោចណាស់ ៣នាក់ នៅក្នុងទីក្រុង Melitopol ដែលជាទីក្រុងសំខាន់មួយនៅតំបន់ភាគខាងត្បូងនៃទីក្រុង Zaporizhzhia កាលពីថ្ងៃសៅរ៍ (ទី១១ ខែវិច្ឆិកា)។ ទីភ្នាក់ងារនេះបានហៅការផ្ទុះនោះថា ជាទង្វើនៃការសងសឹក ដែលធ្វើឡើងដោយតំណាងនៃចលនាតស៊ូក្នុងតំបន់។
តែអាជ្ញាធរមូលដ្ឋានខាងភាគីរុស្ស៊ីមិនទទួលស្គាល់ការវាយប្រហារនេះទេ។ ពួកគេបាននិយាយតាមរយៈបណ្ដាញសង្គមថា រថយន្តមួយបានឆេះ ដោយសារតែបញ្ហាមេកានិច ហើយមិនមាននរណាម្នាក់រងរបួសនោះទេ៕