
ពលរដ្ឋប៉ាគីស្ថានរាប់ម៉ឺននាក់ បាននាំគ្នាដង្ហែក្បួនឆ្លងកាត់ដងផ្លូវនៅក្នុងទីក្រុងអ៊ីស្លាម៉ាដាដ កាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន ស្របពេលដែលសង្រ្គាមដ៏ខ្លាំងក្លានៅតែបន្តនៅក្នុងតំបន់ហ្គាហ្សា ។
បុរស និងស្រ្តីដែលស្ថិតនៅក្នុងក្រុមដាច់ដោយឡែកពីគ្នា បានស្រែកពាក្យស្លោកគាំទ្រដល់ជនប៉ាឡេស្ទីន និងប្រឆាំងអ៊ីស្រាអែល ហើយនិងប្រទេសមហាអំណាចលោកខាងលិច ។
ក្រុមនយោបាយស៊ីអ៊ីត Majlis Wahdat-e-Muslimeen បានដឹកនាំបាតុកម្មនេះ ។
គួរឲ្យដឹងថា តំបន់មជ្ឈិមបូព៌ា បានស្ថិតនៅលើមាត់ជ្រោះនៃការធ្លាក់ក្នុងសង្រ្គាម ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានវាយឆ្មក់អ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១.២០០នាក់ ។
ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានបង្កើនការវាយប្រហារបស់ខ្លួនលើតំបន់ហ្គាហ្សា ជាកន្លែងដែលមនុស្ស ១១.០៧៨នាក់ ត្រូវបានសម្លាប់គិតត្រឹមថ្ងៃសុក្រសប្តាហ៍មុន ក្នុងនោះ ៤០ភាគនៃពួកគេ គឺជាកុមារ ។
ដោយឡែក ការប្រកាសរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu នៅក្នុងសប្តាហ៍នេះថា អ៊ីស្រាអែល នឹងដណ្តើមគ្រប់គ្រងសន្តិសុខនៅក្នុងតំបន់ហ្គាហ្សាសម្រាប់រយៈពេលគ្មានកំណត់នោះ បានបន្ថែមភាពពុំច្បាស់លាស់ចំពោះអនាគតរបស់តំបន់បិទច្រកមួយនេះ រយៈពេលជាង ១ខែនៃសង្រ្គាម ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយរដ្ឋមន្រ្តីការពារជាតិលោក Yoav Gallant និងរដ្ឋមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តីទទួលបន្ទុកសង្រ្គាមលោក Benny Gantz លោក Netanyahu បានធ្វើការសង្កត់ធ្ងន់ថា វាគឺជាបំណងប្រាថ្នារបស់លោក កាលដែលក្រុមហាម៉ាស់ គឺជាចលនាអ៊ីស្លាមដែលបានបើកការវាយប្រហារដ៏គួរភ្ញាក់ផ្អើលកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១.២០០នាក់ និងចាប់ចំណាប់ថ្នូរទាំងជនជាតិអ៊ីស្រាអែល និងជនបរទេសជាង ២០០នាក់ នោះ ត្រូវតែបំផ្លាញឲ្យអស់ ៕