ជម្លោះដ៏បង្ហូរឈាមនៅតំបន់ហ្កាហ្សា បានឆក់យកជីវិតមនុស្សជាង ១២.៥០០នាក់ ទាំងនៅខាងប៉ាឡេស្ទីន និងអ៊ីស្រាអែល នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមអាជ្ញាធរសុខាភិបាលទាំងសងខាង។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៃតំបន់ហ្កាហ្សា ស្ទ្រីប កាលពីល្ងាចថ្ងៃអាទិត្យ បានបង្ហាញចំនួនអ្នកស្លាប់ដ៏គួរឱ្យភ្ញាក់ផ្អើលនៃមនុស្ស ១១.១៨០នាក់ រួមទាំងកុមារជាង ៤.៦០០នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះបច្ចុប្បន្ន ដែលចាប់ផ្តើមកាលពីថ្ងៃទី ៧ ខែតុលា មក។
លើសពីនេះ តំបន់វេស ប៊ែង ក៏បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ១៨៣នាក់ ផងដែរ។ យោងតាមសារព័ត៌មាន The Times of Israel កាលពីថ្ងៃសុក្រ បានឱ្យដឹងថា ក្រសួងការបរទេសអ៊ីស្រាអែល បានកែប្រែចំនួនអ្នកស្លាប់ដោយការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ពីចំនួន១.៤០០នាក់ ទៅត្រឹមតែ ១.២០០នាក់ប៉ុណ្ណោះ។

ប្រភពពីប៉ាឡេស្ទីនបាននិយាយថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបន្តនៅក្នុងតំបន់ជាច្រើននៃភាគខាងជើងហ្កាហ្សា ហើយការវាយលុកពីភាគីហាម៉ាសមិនបានបញ្ឈប់នោះទេ។
របាយការណ៍របស់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃអាទិត្យ បានដកស្រង់សម្តីក្រុមមន្ត្រីប៉ាឡេស្ទីន ដែលនិយាយថា ក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យ បានប្រកាសផ្អាកការផ្លាស់ប្តូរចំណាប់ថ្នូរ បន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារមន្ទីរពេទ្យ អាល់ស៊ីហ្វា ដែលជាអគារវេជ្ជសាស្ត្រដ៏ធំបំផុតមួយនៅតំបន់ហ្កាហ្សា៕