អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសស៊ីរី បានបន្តការអនុញ្ញាតឲ្យខ្លួនផ្តល់ជំនួយដល់តំបន់កាន់កាប់ដោយក្រុមប្រឆាំងនៅភាគពាយព្យនៃប្រទេសនេះ តាមរយៈច្រកព្រំដែនទួរគីចំនួនពីរសម្រាប់រយៈពេលបីខែទៀត។

បន្ទាប់ពីការរញ្ជួយដី បានសម្លាប់មនុស្សជាង ៥០.000 នាក់នៅក្នុងប្រទេសទួរគី និងស៊ីរីកាលពីខែកុម្ភៈ ទីក្រុងដាម៉ាសដំបូង បានអនុញ្ញាតឲ្យអង្គការសហប្រជាជាតិបញ្ជូនជំនួយតាមរយៈច្រកឆ្លងកាត់ទួរគីរយៈពេលបីខែ។ ឥឡូវនេះវាត្រូវបានពន្យារជាលើកទីបី រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ។

ការិយាល័យUNសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថា៖«ប្រតិបត្តិការឆ្លងព្រំដែនរបស់អង្គការសហប្រជាជាតិ នៅតែជាកិច្ចការជួយសង្គ្រោះដល់ប្រជាជន នៅភាគពាយព្យនៃប្រទេសស៊ីរី។ រៀងរាល់ខែ UN និងដៃគូ បានផ្តល់ជំនួយសំខាន់ៗ និងការការពារ ដល់មនុស្សជាមធ្យមចំនួន ២,៥ លាននាក់។
បេសកកម្មរបស់ប្រទេសស៊ីរីប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក បានបញ្ជាក់ពីការពន្យារពេលនៃការប្រើប្រាស់ច្រកឆ្លងកាត់ Bab al-Salam និង Al Ra'ee របស់អង្គការសហប្រជាជាតិ។