ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ (១៤ វិច្ឆិកា) បាននាំមកនូវក្តីបារម្ភ និងបញ្ហាប្រឈមថ្មីសម្រាប់ប្រជាជនប៉ាឡេស្ទីន ដែលភាគច្រើនគ្មានផ្ទះសម្បែង និងរស់នៅក្នុងតង់បណ្តោះអាសន្ន បន្ទាប់ពីការទម្លាក់គ្រាប់បែកជាច្រើនសប្តាហ៍របស់អ៊ីស្រាអែល។

ការចាប់ផ្តើមនៃរដូវវស្សា និងលទ្ធភាពនៃការជន់លិច បានបង្កើនការភ័យខ្លាចថា ប្រព័ន្ធលូរបស់តំបន់ហ៊ុមព័ទ្ធដែលមានប្រជាជនយ៉ាងច្រើននោះ នឹងលិចលង់ ហើយជំងឺនឹងរីករាលដាលកាន់តែខ្លាំង។
អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីសប្តាហ៍មុនថា តំបន់ហ្កាហ្សា ប្រឈមមុខនឹងកំណើនហានិភ័យនៃការរីករាលដាលនៃជំងឺ ដោយសារការទម្លាក់គ្រាប់បែកតាមអាកាសរបស់អ៊ីស្រាអែល បានរំខានដល់ប្រព័ន្ធសុខាភិបាល លទ្ធភាពប្រើប្រាស់ទឹកស្អាតនៅមានកម្រិត និងបណ្តាលឱ្យមានមនុស្សម្នាប្រមូលផ្ដុំគ្នាយ៉ាងកកកុញនៅក្នុងជម្រកបណ្ដោះអាសន្ន។

ទីភ្នាក់ងារនេះ បានបង្ហាញពីការព្រួយបារម្ភកាលពីថ្ងៃអង្គារ អំពីលទ្ធភាពនៃភ្លៀងដែលបណ្តាលឱ្យមានទឹកជំនន់ ព្រមទាំងជន់លិចលូ និងប្រព័ន្ធលូដែលបានខូចខាត។ លោក Ahmed Bayram អ្នកនាំពាក្យក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស បាននិយាយថា ការចាប់ផ្តើមនៃរដូវវស្សាអាចក្លាយជា «រយៈពេលដ៏លំបាកបំផុតនៅតំបន់ហ្កាហ្សា ចាប់តាំងពីកំណើននៃសកម្មភាពយោធាបានចាប់ផ្តើមមក»៕