នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក ហ្វាម មិញជីញ បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រទេសកម្ពុជា និងវៀតណាមបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមកនេះ ក្នុងនោះកងទ័ពទាំងពីរបានសហការគ្នាបានយ៉ាងល្អ ដោយឈរលើស្មារតីមិត្តភាពជាបងប្អូន។

នៅក្នុងកិច្ចជំនួបជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារ ជាតិកម្ពុជា នៅក្នុងអំឡុងដែលនាយឧត្តមសេនីយ៍ដឹកនាំគណៈប្រតិភូអញ្ជើញទៅទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម កាលពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ហ្វាម មិញជីញ បានបញ្ជាក់ថាប្រទេសកម្ពុជា និងវៀតណាម មានទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមួយគ្នាតាំងពីយូរលុងណាស់មកហើយ ហើយធ្លាប់បានរួមសាមគ្គីគ្នាតស៊ូជំនះរាល់ការលំបាក និងមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលដៅអភិវឌ្ឍប្រទេសនីមួយៗឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលសម្តេចបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ កងទ័ពទាំងពីរ (កម្ពុជា-វៀតណាម) ដែលយើងត្រូវតែថែរក្សាពូនជ្រុំកសាងអោយបានរឹងមាំបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រទេសទាំងពីរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរនាយឧត្តមសេនីយ៍ ទៀ សីហា លើកឡើងផងដែរថា ការបំពេញដំណើរទស្សនកិច្ចមិត្តភាពនិង ជាផ្លូវការ នៅវៀតណាម គឺជាដំណើរទស្សនកិច្ចលើកដំបូង និងជាប្រវត្តិសាស្រ្ត ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សន្តិសុខ និងសង្គម ជាមួយមិត្តវៀតណាម ក្នុងការកសាងសហគមន៍ជាមួយគ្នាកម្ពុជា-វៀតណាមជាដើម។

នាយឧត្តមសេនីយ៍ប្រមុខការពារជាតិកម្ពុជា ក៏បាន ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលជានិច្ចកាល តែងតែផ្តល់ការគាំទ្រដល់កងយោធពលខេមរភូមិន្ទ ក៏ដូចជាកម្ពុជាទាំងមូលនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ជាក់ស្តែងក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ភាគីវៀតណាមបានផ្តល់នូវជំនួយ និងការគាំទ្រជាច្រើនរួមទាំងសម្តារ និងស្មារតី។ កាយវិការ នេះបានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់នូវចំណងមិត្តភាព សាមគ្គីភាព មនោសញ្ចេតនា និងការគោរពរាប់អានដ៏ស្មោះរបស់កងទ័ព និងប្រជាជនវៀតណាមទាំងមូលជូនចំពោះកងទ័ព និងប្រជាជនកម្ពុជា ក្នុងស្មារតីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕ អត្ថបទ៖ បាន ចក់

