យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានកំពុងបើកការវាយឆ្មក់នៅថ្ងៃពុធទី១៥វិច្ឆិកា នេះ លើក្រុមសកម្មប្រយុទ្ធ ហាម៉ាសប៉ាឡេស្ទីន ក្នុងមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) ដែលជាមន្ទីរពេទ្យធំបំផុតរបស់តំបន់ហ្កាហ្សាស្ទ្រីប និងបានជំរុញឲ្យក្រុមសកម្មប្រយុទ្ធហាម៉ាសប្រគល់ខ្លួន ។

តិចជាងមួយម៉ោងមុននេះ ប្រហែលម៉ោង ១ ព្រឹកម៉ោងក្នុងស្រុក អ្នកនាំពាក្យក្រសួងសុខាភិបាល ហ្កាហ្សា បាននិយាយថា អ៊ីស្រាអែលបានប្រាប់មន្ត្រីនៅក្នុងតំបន់ឡោមព័ទ្ធមួយនេះ ថា ខ្លួននឹងវាយឆ្មក់អគារមន្ទីរពេទ្យ ស៊ីហ្វា នៅប៉ុន្មាននាទីខាងមុខនេះ ។
ជោគវាសនារបស់មន្ទីរពេទ្យ Al Shifa បានក្លាយជាការផ្ដោតអារម្មណ៍នៃការប្រកាសអាសន្នជាអន្តរជាតិ ដោយសារតែស្ថានភាពកាន់តែអាក្រក់ទៅ នៅក្នុងមន្ទីរពេទ្យ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបានអំពាវនាវជាសកលឲ្យមានបទឈប់បាញ់មនុស្សធម៌បន្ទាប់ពីការវាយលុករបស់អ៊ីស្រាអែលរយៈពេល៥សប្តាហ៍លើតំបន់ហ្កាហ្សា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ផ្អែកលើព័ត៌មានចារកម្ម និងភាពចាំបាច់ក្នុងការធ្វើប្រតិបត្តិការ កងកម្លាំង IDF កំពុងអនុវត្តប្រតិបត្តិការច្បាស់លាស់ និងកំណត់គោលដៅប្រឆាំងក្រុមហាម៉ាស នៅក្នុងតំបន់ជាក់លាក់មួយនៅក្នុងមន្ទីរពេទ្យ ស៊ីហ្វា ។
ក្រុមហាម៉ាស បាននិយាយនៅថ្ងៃពុធថា សេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកបានបើកភ្លើងខៀវ យ៉ាងមានប្រសិទ្ធភាពសម្រាប់អ៊ីស្រាអែលក្នុងការវាយឆ្មក់ចូលមន្ទីរពេទ្យនេះ។ ក្រុមនេះបាននិយាយថា ខ្លួនបានចាត់ទុកអ៊ីស្រាអែល និងប្រធានាធិបតីអាមេរិក Joe Biden ថាជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះប្រតិបត្តិការនេះ៕