មនុស្សម្នាជាច្រើនសម្រុកទៅកម្សាន្តតាមឆ្នេរសមុទ្រក្នុងទីក្រុង រីអូ ដេយ៉ានៃរ៉ូ (Rio de Janeiro) របស់ប្រទេសប្រេស៊ីល កាលពីថ្ងៃអង្គារ (១៤ វិច្ឆិកា) និងបាននាំគ្នាងូតទឹកសមុទ្រដើម្បីផ្ដល់ភាពត្រជាក់ ខណៈវិទ្យាស្ថានឧតុនិយមប្រេស៊ីល បានចេញការប្រកាសអាសន្នកម្រិត «គ្រោះថ្នាក់ខ្ពស់» ដោយសារតែរលកកម្ដៅបានវាយប្រហារប្រទេស។

មនុស្សម្នានាំគ្នាងូតទឹកសមុទ្រ និងការពារខ្លួនពីព្រះអាទិត្យដ៏ក្ដៅគគុក ខណៈសីតុណ្ហភាពបានកើនឡើងដល់កម្រិត ៥៨,៥អង្សាសេ នៅម៉ោង ៩:១៥នាទីព្រឹក (ម៉ោងក្នុងស្រុក) ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៤ មក នេះបើតាមប្រព័ន្ធជូនដំណឹងនៃទីក្រុង រីអូ បានបង្ហោះនៅលើវេទិកាសង្គម X ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សីតុណ្ហភាពអាចកើនឡើង ១៣អង្សាសេ លើសពីមធ្យមភាគនៃរដូវកាលនេះ។

វិទ្យាស្ថានជាតិឧតុនិយមនេះ បានចេញការប្រកាសអាសន្នកម្រិត «គ្រោះថ្នាក់ខ្ពស់» កាលពីថ្ងៃចន្ទ (១៣ វិច្ឆិកា) ដែលប៉ះពាល់ដល់តំបន់ជាងពាក់កណ្តាលនៃប្រទេស រួមទាំងទីក្រុង អូ ដេយ៉ានៃរ៉ូ ដែលអាកាសធាតុនឹងបន្តក្ដៅរហូតដល់ថ្ងៃសុក្រ។
រលកកម្ដៅនេះ ដែលជាករណីលើកទីបួនរបស់ប្រេស៊ីល នៅឆ្នាំនេះ បាននិងកំពុងកើនឡើងកាន់តែខ្លាំងដោយសារបាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ និងការឡើងកម្ដៅផែនដី៕