ភ្នំពេញ៖ ក្រុមបុគ្គលស្វ័យនិយោជន៍ នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ បន្តនាំគ្នាទៅធ្វើបណ្ណ ប.ស.ស បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកកម្មវិធីជាតិរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស។
ក្នុងពេលមកធ្វើបណ្ណសមាជិក ប.ស.ស ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រុមបុគ្គលស្វ័យនិយោជន៍ បានប្រាប់ BTV ឱ្យដឹងថា ពេលមានបណ្ណនេះ ពួកគេទទួលបានអត្ថប្រយោជន៍ច្រើន ជាពិសេសកាត់បន្ថយការចំណាយបានមួយកម្រិតពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងពេទ្យឯកជនដែលជាដៃគូរសហការណ៍ជាមួយ ប.ស.ស។ ពួកបង្ហាញភាពរីករាយ និងពេញចិត្តកម្មវិធីជាតិរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនេះ។
សូមជម្រាបថា ការពង្រីកវិសាលភាពនេះ ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការ និងសេចក្តីប្រាថ្នា ការចង់ក្លាយជាសមាជិក ប.ស.ស ពីបងប្អូននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសបុគ្គលស្វ័យនិយោជន៍ ព្រមទាំងពីសំណាក់សមាជិក ប.ស.ស ដែលប្រាថ្នាចង់បានការថែទាំដល់សមាជិកគ្រួសារខ្លួនផងដែរ។
គិតត្រឹមខែតុលា ឆ្នាំ២០២៣នេះ ប.ស.ស មានសមាជិកសកម្មសរុបប្រមាណ២លាននាក់ ដែលបានទៅពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់ចំនួន ១៦ លានករណី ដោយចំណាយថវិកាអស់ប្រមាណ ៤៦៣លានដុល្លា ឬ ២៩ ដុល្លារ ក្នុងម្នាក់ក្នុងមួយឆ្នាំ។ នេះបើតាមរបាយការណ៍របស់ក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕អត្តបទ៖ទូច សោភ័ណ