
អ្នកប្រើប្រាស់នៅទូទាំងសហរដ្ឋអាមេរិក បាននិងកំពុងជួបប្រទះនឹងភាពលំបាកនៃការកើនឡើងនូវតម្លៃនានា។ តែទោះជាយ៉ាងណា តួលេខចុងក្រោយ បង្ហាញថា ពួកគេកំពុងទទួលបានភាពធូរស្រាលខ្លះហើយ។
នាយកដ្ឋានការងារ កាលពីថ្ងៃអង្គារ (ទី១៤ ខែវិច្ឆិកា) បានរាយការណ៍ថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ដែលតាមដាននូវអ្វី ដែលមនុស្សបានចំណាយជាមធ្យម សម្រាប់តម្លៃទំនិញ និងសេវាកម្មនានា បានធ្លាក់ចុះមកត្រឹម ៣,២ភាគរយ ក្នុងខែតុលា។ នោះគឺជាការធ្លាក់ចុះលើកដំបូង ក្នុងរយៈពេល ៤ខែ។
របាយការណ៍នេះបានចង្អុលបង្ហាញពីការធ្លាក់ចុះ ៥,៣ភាគរយនៃតម្លៃហ្គាសធៀបនឹងឆ្នាំមុន និងធ្លាក់ចុះ ៧,១ភាគរយនៃតម្លៃរថយន្តមួយទឹក។ តម្លៃលំនៅឋានដែលបង្ហាញថា ជាកត្តារួមចំណែកដ៏រឹងមាំ ចំពោះអតិផរណា បានកើនឡើង ៦,៧ភាគរយធៀបនឹងឆ្នាំមុន។
ធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់ម្តងហើយម្តងទៀត ដើម្បីបង្អាក់អ្នកប្រើប្រាស់ និងអាជីវកម្មកុំឲ្យខ្ចីប្រាក់ និងចំណាយ។ ការទម្លាក់នោះត្រូវបានកំណត់ថា នឹងធ្វើឲ្យអតិផរណាធ្លាក់ចុះដល់គោលដៅ ២ភាគរយ៕