
សណ្ឋាការលំដាប់ផ្កាយ ៤នៅទីក្រុង Acapulco ប្រទេសម៉ិកស៊ិក ដែលរងប៉ះពាល់ដោយសារព្យុះ បានក្លាយជាផ្ទះបាយសហគមន៍ សម្រាប់ប្រជាពលរដ្ឋដែលគ្មានចំណីអាហារ និងទឹក ក្រោយគ្រោះមហន្តរាយធម្មជាតិមួយនេះ ។
នៅក្នុងសណ្ឋាគារ Acamar បុគ្គលិក កំពុងចែកចាយចំណីអាហារ និងគ្រឿងផ្គត់ផ្គង់ ។ លោក Javier Nava គឺជាម្ចាស់សណ្ឋាគារ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកផ្តល់អាទិភាពជំនួយដល់មនុស្សក្រីក្របំផុតនៅក្នុងទីក្រុង Acapulco ។
សណ្ឋាគារ Acamar ស្ថិតនៅក្នុងចំណោមសណ្ឋាគារជាច្រើនទៀត ដែលលែងធ្វើអាជីវកម្ម ក្រោយព្យុះ Otis បោកបក់ឆ្លងកាត់ទីក្រុងទេសចរណ៍មួយនេះ ។ អគារខាងមុខនៃសណ្ឋាគារប្រណីតមួយនេះ ដែលមើលឃើញទេសភាពមហាសមុទ្រ បច្ចុប្បន្នរាយប៉ាយដោយកម្ទេចកម្ទី ។
គួរឲ្យដឹងថា ព្យុះ Otisបានបោកបក់លើទីក្រុង Acapulcoជាមួយនឹងកម្លាំងខ្យល់បក់ ២៦៦គ.មក្នុង ១ម៉ោងកាលពីថ្ងៃទី ២៥ ខែតុលាកន្លងទៅ បណ្តាលឲ្យទីក្រុងមួយនេះ រងការជន់លិចទាំងស្រុង ធ្វើឲ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋ សណ្ឋាគារ និងអគារធុរកិច្ចជាច្រើនទៀត ធ្វើឲ្យជន់លិចរថយន្ត និងធ្វើឲ្យកាត់ផ្តាច់ការទំនាក់ទំនង ការតភ្ជាប់ផ្លូវគោក និងផ្លូវអាកាស ។
ដោយឡែក ករណីចោរកម្ម បានកើតមានផងដែរនៅក្នុងទីក្រុងដែលមានពលរដ្ឋរស់នៅជិត ៩០ម៉ឺននាក់មួយនេះ ជាហេតុធ្វើកើតមានវិបត្តិចំណីអាហារ និងទឹក ៕