នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» (Siem Reap Angkor International Airport) ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំតាប៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង នៃខេត្តសៀមរាប មានចម្ងាយជាង ៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និងជាង៥០ គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់ឡើងក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុនចំនួន៣រួមមាន៖ ១) ក្រុមហ៊ុនវិនិយោគយុនណាន (Yunnan Investment Group) ដែលមានភាគហ៊ុនចំនួន ៧៦,៦%, ២) ក្រុមហ៊ុនសំណង់ និងវិនិយោគយុនណាន (Yunnan Construction and Investment Holding Group) មានភាគហ៊ុនចំនួន ២០% និង ៣) ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយុនណា (Yunnan Airport Group) ដែលជាប្រតិបត្តិករមានភាគហ៊ុនចំនួន ៣,៤%។
អាកាសយានដ្ឋាននេះ បានចាប់ផ្តើមសាងសង់ជាផ្លូវការនៅខែមីនា ឆ្នាំ២០២០ បញ្ចប់ជាស្ថាពរកាលនៅបំណាច់ខែមីនាឆ្នាំ២០២៣នេះ ដោយប្រើរយៈពេល ៣៦ខែស្មើនឹង៣ឆ្នាំ។ អាកាសយានដ្ឋាននេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន។















