ក្រុមបាតុករ និងសមាជិកគ្រួសាររបស់ចំណាប់ថ្នូរអ៊ីស្រាអែលបានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv កាលពីល្ងាចថ្ងៃពុធ ១៥ វិច្ឆិកា ដោយជំរុញឱ្យរដ្ឋាភិបាលទទួលយកកិច្ចព្រមព្រៀងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស ដើម្បីនាំយកមនុស្សជាទីស្រលាញ់របស់ពួកគេមកផ្ទះវិញ។

អ្នកស្រី សាម៉ូអែល ប្រូដាច់(Samuel Brodutch) វ័យ៧៥ឆ្នាំ ដែលសមាជិកគ្រួសារជាច្រើន របស់អ្នកស្រី ត្រូវបានគេជឿថាត្រូវបានឃុំខ្លួន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ( Gaza Strip )បាននិយាយថា ខ្ញុំមិនខ្វល់ថាយ៉ាងម៉េចទេ ខ្ញុំមិនខ្វល់អ្វីទាំងអស់ ខ្ញុំចង់ឱ្យពួកគេត្រលប់មកវិញតាំងពី៣០ថ្ងៃមុនមកម្ល៉េះ ពេលនេះមានរយៈបេល៤០ថ្ងៃហើយ ខ្ញុំយល់ថារដ្ឋាភិបាលអ៊ីស្រាអែលពុំបានធ្វើអ្វីទាំងអស់។ ខ្ញុំមិនចង់ដឹងរឿង អ្វីក្រៅពីលទ្ធផលនោះទេ រហូតមកដល់ពេលនេះ នៅតែគ្មានលទ្ធផលដដែល។

ស្លាបប្រដាប់អាវុធនៃក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះលែងចំណាប់ខ្មាំងជាស្ត្រី និងកុមាររហូតដល់ ៧០ នាក់ ជាថ្នូរនឹងបទឈប់បាញ់រយៈពេលប្រាំថ្ងៃ និងការដោះលែងស្ត្រី និងកុមារប៉ាឡេស្ទីនចំនួន២៧៥ នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល។
រហូតមកដល់ពេលនេះ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu បានច្រានចោលរាល់ការពិភាក្សាអំពីបទឈប់បាញ់ ដោយប្រាប់ទូរទស្សន៍ NBC News កាលពីថ្ងៃអាទិត្យថា លោកនឹងព្រមផ្អាកការប្រយុទ្ធ ប្រសិនបើចំណាប់ថ្នូរទាំងអស់ត្រូវបានដោះលែង៕