អ្នកនាំពាក្យមេបញ្ជាការយោធាអ៊ីស្រាអែល ឧត្តមនាវីឯក Daniel Hagari បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា កងទ័ពអ៊ីស្រាអែល បានរកឃើញសព្វាវុធ បរិក្ខាបច្ចេកវិទ្យា និងឧបករណ៍បប្រើឲ្យការប្រយុទ្ធ នៅក្នុងមន្ទីពេទ្យ Al Shifa នៅតំបន់ហ្កាហ្សាកាលពីថ្ងៃពុធ និងកំពុងបន្តការស្វែងរកនៅបរិវេណនោះ។

យោធាបានបញ្ចេញវីដេអូ ដែលពួកគេនិយាយថា បានបង្ហាញពីសម្ភារៈដែលត្រូវបានរកឃើញនៅអគារមួយដែលបានបង្ហាញនៅក្នុងមន្ទីរពេទ្យ រួមមានអាវុធស្វ័យប្រវត្តិ គ្រាប់បែក គ្រាប់រំសេវ និងអាវកាក់ដាក់គ្រាប់កាំភ្លើង។

អ៊ីស្រាអែល និយាយថា កងកម្លាំងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការទាំងនៅក្នុងនិងជុំវិញមន្ទីរពេទ្យធំបំផុតនៅហ្កាហ្សា គោលបំណងចម្បងក្នុងយុទ្ធនាការរបស់ខ្លួនគឺត្រូវបំផ្លាញក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន ដែលកងទ័ពនិយាយថា មានលាក់ទុកអាវុធ និងមានមណ្ឌលទីបញ្ជាការនៅក្នុងផ្លូវរូងក្រោមដី ក្រោមអគារ។
យោធាពុំបាននិយាយអំពីការរកឃើញច្រកចូលផ្លូវរូងក្រោមដីណាមួយនោះទេនៅមន្ទីពេទ្យ Al Shifa។ កាលពីលើកមុនយោធានិយាយថាក្រុមហាម៉ាស បានសាងសង់បណ្តាញផ្លូវរូងក្រោមដីក្រោមន្ទីរពេទ្យ។ ប៉ុន្តែក្រុមហាម៉ាស បានបដិសេធ និងបានច្រានចោលសេចក្តីថ្លែងការណ៍ចុងក្រោយរបស់យោធា។