ហ្កាហ្សា ៖ មេដឹកនាំបក្សពលករ លោក Keir Starmer ត្រូវបានវាយប្រហារដោយការលាលែងពីតំណែងរបស់សមាជិកឈានមុខរបស់ខ្លួន នៅក្នុងសភាកាលពីយប់ថ្ងៃពុធ បន្ទាប់ពីប្រឈមមុខនឹងការបះបោរ ពីសមាជិកសភាជុំវិញការបដិសេធរបស់លោកក្នុងការគាំទ្របទឈប់បាញ់នៅតំបន់ហ្កាហ្សា។
ការបោះឆ្នោតដែលអំពាវនាវឲ្យមានបទឈប់បាញ់ ត្រូវបានចាញ់ដោយសំឡេង ២៩៣ ទល់នឹង ១៦៨សំឡេង ប៉ុន្តែសមាជិកជួរមុខរបស់លោកStarmer ចំនួន៨រូប បានលាលែងពីអាសនៈជួរខាងមុខ បន្ទាប់ពីបានគាំទ្រវិសោធនកម្មនេះ។
សមាជិកសភារបស់គណបក្សពលករ ត្រូវបានបញ្ជាឲ្យផ្អាកការបោះឆ្នោត ហើយត្រូវបានប្រាប់ជំនួសវិញឲ្យ គាំទ្រជំហររបស់ Starmer ដែលអំពាវនាវឲ្យមានការផ្អាកវាយប្រហារក្នុងលក្ខណៈមនុស្សធម៌យូរជាងនេះ ជាជាងបទឈប់បាញ់។
លោក Starmer បាននិយាយថា ខ្លួនមានការសោកស្តាយដែលសហការីបក្ស មិនបានគាំទ្រជំហររបស់ខ្លួន ប៉ុន្តែលោកចង់ឲ្យច្បាស់អំពីកន្លែងដែលលោកបានឈរ។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការបោះឆ្នោតថា៖«មានការងារចាំបាច់ជាច្រើនទៀតត្រូវធ្វើ ដើម្បីបន្ធូរបន្ថយវិបត្តិមនុស្សធម៌ ដែលកំពុងកើតឡើង នៅក្នុងតំបន់ហ្កាហ្សា»។

