
រដ្ឋមន្ត្រីការពារជាតិ និងបណ្ដារដ្ឋមន្ត្រីមកពីសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី ក្នុងចំណោមប្រទេសដទៃទៀត បានជួបជុំគ្នានៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែវិច្ឆិកា) នេះ ជាមួយសមភាគីរបស់ខ្លួនមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាកន្លែងដែលពួកគេត្រូវបានរំពឹងថា នឹងពិភាក្សាអំពីវិបត្តិភូមិសាស្ត្រនយោបាយទាំងនៅក្នុង និងក្រៅតំបន់នេះ។
បណ្ដារដ្ឋមន្ត្រីការពារជាតិមកពីប្លុក ក្នុងតំបន់នេះ បានអំពាវនាវ កាលពីថ្ងៃពុធ (ទី១៥ ខែវិច្ឆិកា) ឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងសេចក្ដីសម្រេចដ៏រឹងមាំ នៅសហភាពមីយ៉ាន់ម៉ា ខណៈដែលជម្លោះកាន់តែធ្ងន់ធ្ងរទៅៗ នៅទីនោះ។
ប្រទេសផ្សេងទៀត ដែលចូលរួមក្នុងជំនួប នៅថ្ងៃព្រហស្បតិ៍នេះ មានអូស្ត្រាលី នូវ៉ែលហ្សេឡង់ រួមជាមួយប្រទេសដទៃទៀត ខណៈសហភាពមីយ៉ាន់ម៉ា មិនមានវត្តមានទេ។ បណ្ដាឧត្តមសេនីយ៍របស់ប្រទេសមីយ៉ាន់ម៉ា មិនទទួលបានការអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ពីសមាជិកអាស៊ានទាំង១០ នោះឡើយ គិតចាប់តាំងពីក្រុមយោធានេះបានដណ្តើមអំណាចដោយរដ្ឋប្រហារឆ្នាំ២០២១ និងបានប្រើអំពើហិង្សាលើអ្នកដែលប្រឆាំងនឹងការដឹកនាំប្រទេសរបស់ពួកគេ។
កិច្ចប្រជុំប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងពេលដែលជម្លោះកំពុងរាលដាលយ៉ាងខ្លាំងនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន និងក្នុងពេលដែលភាពតានតឹងកើនឡើងក្នុងដែនទឹកដែលមានជម្លោះ នៅសមុទ្រចិនខាងត្បូង ដែលប្រទេសចិនត្រូវបានចោទប្រកាន់ថា បានលុកលុយហ្វីលីពីន ជាប្រទេសដែលមានសហរដ្ឋអាមេរិកគាំទ្រ និងស្វែងរកការពង្រឹងទំនាក់ទំនងយោធាជាមួយប្រទេសជប៉ុន៕