
ក្រុមបាតុករអេស្ប៉ាញ ដេលប្រឆាំងទៅនឹងសេចក្ដីស្នើច្បាប់លើកលែងទោសរបស់រដ្ឋាភិបាល សម្រាប់អ្នកបំបែកខ្លួន នៅកាតាឡាន់ បានប៉ះទង្គិចជាមួយនគរបាលកុបកម្ម កាលពីល្ងាចថ្ងៃពុធ (ទី១៥ ខែវិច្ឆិកា) នៅទីក្រុងម៉ាឌ្រីដ។ នគរបាលបានចោទប្រកាន់ និងចាប់ខ្លួនបាតុករមួយចំនួន មុនការតវ៉ានោះបានរំសាយ។
សូមបញ្ជាក់ថា សមាជិកសភាអេស្ប៉ាញបានចាប់ផ្តើមពិភាក្សាដេញដោលអំពីអាណត្តិថ្មី កាលពីថ្ងៃពុធ (ទី១៥ ខែវិច្ឆិកា) សម្រាប់នាយករដ្ឋមន្ត្រីស្តីទី លោក Pedro Sanchez ដែលការផ្តល់ការលើកលែងទោសដល់ក្រុមបំបែកខ្លួន ដើម្បីជាថ្នូរនឹងការទទួលបានគាំទ្រនោះ បានបង្កឲ្យមានការតវ៉ាជាច្រើនថ្ងៃ។
បាតុករជាច្រើនពាន់នាក់ ដែលជាច្រើននាក់បានគ្របដណ្ដប់ខ្លួនដោយទង់ជាតិអេស្ប៉ាញ បានប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការកណ្តាលនៃគណបក្សសង្គមនិយម (PSOE) របស់លោក Sanchez ក្នុងទីក្រុងម៉ាឌ្រីដ ដោយស្រែកថា «ចូរនិយាយថា ទេចំពោះរដ្ឋប្រហារ!» និងបានដុតទង់ជាតិរបស់តំបន់កាតាឡាន់។
ដោយទទួលបានការគាំទ្រពីគណបក្សបំបែកខ្លួននៃតំបន់កាតាឡាន់ Junts និង ERC រួមជាមួយគណបក្សក្នុងតំបន់ផ្សេងទៀតនោះ គណបក្ស PSOE និយាយថា លោក Sanchez មានការគាំទ្រគ្រប់គ្រាន់ ដើម្បីឈ្នះការបោះឆ្នោត ដែលត្រូវបានគ្រោងទុកនៅថ្ងៃព្រហស្បតិ៍នេះ។ លោក Sanchez បានការពារសេចក្តីព្រាងច្បាប់លើកលែងទោស ដែលក្រុមអ្នកប្រឆាំងចាត់ទុកថា មិនស្របតាមរដ្ឋធម្មនុញ្ញ៕