មន្តី្រឥណ្ឌាម្នាក់ និយាយថា ទាហានយ៉ាងហោចណាស់ចំនួន២៩នាក់បន្ថែមទៀត បានឆ្លងចូលក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ រត់គេចពីក្រុមឧទ្ទាមបះបោរដែលបានវាយប្រហារលើមូលដ្ឋានយោធារបស់ពួកគេ នៅជិតព្រំដែនប្រទេសឥណ្ឌា ខណៈក្រុមឧទ្ទាម បង្កើនការវាយប្រហារប្រឆាំងរបបសឹកមួយនេះ។

កាលពីដើមសប្តាហ៍នេះ ទាហានមីយ៉ាន់ម៉ាចំនួន ៤៣ នាក់បានចូលទៅក្នុងរដ្ឋមីហ្សូរាំ(Mizoram)របស់ប្រទេសឥណ្ឌា បន្ទាប់ពីមូលដ្ឋានយោធាមួយចំនួនរបស់ពួកគេ ត្រូវបានកាន់កាប់ដោយក្រុមឧទ្ទាម។ មនុស្សជិត ៤០ នាក់ត្រូវបានអាជ្ញាធរឥណ្ឌាបញ្ជូនត្រឡប់ទៅវិញតាមច្រកព្រំដែនផ្សេងគ្នា ដែលមានចម្ងាយពីរ-បីរយ គីឡូម៉ែត្រភាគខាងកើត។

យោធាមីយ៉ាន់ម៉ា បានប្រយុទ្ធជាមួយជនជាតិភាគតិច និងការបះបោរផ្សេងទៀតជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែរដ្ឋប្រហារឆ្នាំ ២០២១ បាននាំមកនូវការសម្របសម្រួលមិនធ្លាប់មាន រវាងកងកម្លាំងប្រឆាំងយោធា ដែលកំពុងប្រឈមមុខដ៏ធំបំផុតសម្រាប់កងទ័ពក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
លោក ទិន មួងស្វេ (Tin Maung Swe) លេខាធិការនៃក្រុមប្រឹក្សារដ្ឋបាលក្នុងរដ្ឋធានី ណៃពិដោ( Naypyitaw)បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំយោធារបស់ប្រទេសនេះ បានបញ្ជាឱ្យបុគ្គលិករដ្ឋាភិបាលទាំងអស់ និងអ្នកដែលមានបទពិសោធន៍យោធា ត្រៀមខ្លួនដើម្បីបម្រើទ័ពក្នុងករណីមានគ្រោះអាសន្ន បន្ទាប់ពីរបបសឹក បានរងការវាយប្រហារដ៏ធ្ងន់ធ្ងរពីក្រុមឧទ្ទាមនៅតាមតំបន់មួយចំនួន។
គួររម្លឹកថាសហភាពមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១មក នៅពេលដែលយោធាបានទម្លាក់រដ្ឋាភិបាលដឹកនាំដោយលោកស្រី Aung San Suu Kyi ម្ចាស់ជ័យលាភីរង្វាន់ណូបែល ដោយបានបញ្ចប់កំណែទម្រង់លទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីរយៈពេលមួយទសវត្សរ៍៕