
សហរដ្ឋអាមេរិក បានផ្ទេរជាផ្លូវការប្រធានវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ទៅឲ្យប្រទេសប៉េរូ នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលកាលពីថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា។
ពិធីប្រគល់នេះធ្វើឡើងនៅពេលចាប់ផ្តើមកិច្ចប្រជុំចុងក្រោយកាលពីថ្ងៃសុក្រ ជាមួយមេដឹកនាំពិភពលោក ខណៈលោក Biden បញ្ចប់ការជំរុញផ្នែកការទូតរយៈពេល ៤ ថ្ងៃជាមួយប្រទេសចិន និងប្រទេសតំបន់ប៉ាស៊ីហ្វិក ដទៃទៀត។
លោក Biden ដែលបានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping បានគូសបញ្ជាក់ពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងប្រទេសតំបន់ប៉ាស៊ីហ្វិកផ្សេងទៀត បានប្រគល់ការផ្ទេរជាផ្លូវការវេទិកា APEC ទៅឱ្យប្រធានាធិបតីប៉េរូ លោកស្រី Dina Boluarte ។
លោកស្រី Boluarte បាននិយាយថា យើងនឹងស្វាគមន៍អ្នកទាំងអស់គ្នា នៅក្នុងប្រទេសប៉េរូ ជាទីស្រឡាញ់របស់យើង ដូច្នេះនៅឆ្នាំ ២០២៤ យើងអាចបន្តកសាងនូវអ្វីដែល APEC បាននិងកំពុងធ្វើក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ។
ការផ្តោតសំខាន់នៃកិច្ចប្រជុំកំពូលនៅឆ្នាំ ២០២៣នេះ គឺជំនួបរបស់លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកជាមួយ លោក Xi Jinping ប្រធានាធិបតីចិន ជាកន្លែងដែលមេដឹកនាំទាំងពីរ បានឈានដល់កិច្ចព្រមព្រៀង ដែលគ្របដណ្តប់លើបញ្ហាសារធាតុហ្វង់តានីល(fentanyl) ទំនាក់ទំនងយោធា និងបញ្ញាសិប្បនិម្មិត (AI)។