
អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃសុក្រថា កងទ័ពអ៊ីស្រាអែលនឹងវាយកម្ទេចគោលដៅរបស់ក្រុមហាម៉ាស់នៅគ្រប់ទីកន្លែងដែលពួកគេអាចស្វែងរកឃើញ រួមទាំងនៅភាគខាងត្បូងតំបន់ហ្កាហ្សា ខណៈកងកម្លាំងបានបន្តប្រតិបត្តិការតាមដីគោករបស់ពួកគេ នៅភាគខាងជើងតំបន់ដែលត្រូវបានហ៊ុមព័ទ្ធ។
ឧត្តមនាវីឯក Daniel Hagari បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «វានឹងកើតឡើងនៅកន្លែងណាក៏ដោយដែលមានវត្តមានក្រុមហាម៉ាស រួមទាំងនៅភាគខាងត្បូងតំបន់ហ្កាហ្សា។ វានឹងកើតឡើងនៅពេលនោះ នៅទីកន្លែង និងលក្ខខណ្ឌដែលល្អបំផុតសម្រាប់យោធា។
អ៊ីស្រាអែល បានប្តេជ្ញាថានឹងកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាសដែលគ្រប់គ្រងនៅតំបន់ហ្កាហ្សា ចាប់តាំងពីអ្នកប្រយុទ្ធរបស់ក្រុមនេះ បានសម្លាប់មនុស្ស១.២០០នាក់ និងបានចាប់ជាចំណាប់ថ្នូរ២៤០នាក់ ក្នុងការសម្រុកចូលវាយប្រហារកាលពីថ្ងៃទី៧ តុលា។
ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកភាគច្រើននៅតំបន់ហ្កាហ្សាឱ្យទៅជាកម្ទេចកម្ទី ដោយបានបញ្ជាឱ្យប្រជាជនជម្លៀសខ្លួននៅភាគខាងជើង និងបានធ្វើឱ្យប្រជាជនប្រមាណ ២ ភាគ ៣ នៅតំបន់ហ្កាហ្សាគ្មានផ្ទះសម្បែងរស់នៅ។
អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បានបង្កើនចំនួនអ្នកស្លាប់ដល់ជាង ១២.០០០នាក់ ហើយ ៥.០០០នាក់ ក្នុងចំណោមនេះគឺជាកុមារ និងមានមនុស្សច្រើននាក់ទៀតនៅជាប់ក្រោមគំនរបាក់បែក។
អង្គការសហប្រជាជាតិ បានចាត់ទុកតួលេខនេះថា អាចទុកចិត្តបាន ទោះបីជាបច្ចុប្បន្នតួលេខត្រូវបានធ្វើបច្ចុប្បន្នភាពញឹកញាប់ដោយសារតែការលំបាកក្នុងការប្រមូលព័ត៌មានក៏ដោយ។