បាល់ទាត់៖ ក្លិបស្កុតឡេន Glasgow Celtic បានប្រកាសពីការតែងតាំងអ្នកចាត់ការថ្មី លោក Ange Postecoglou បន្តតំណែងពីលោក Neil Lennon។ លោក Neil Lennon បានចាកចេញពី Celtic តាំងពីខែកុម្ភៈ បន្ទាប់ពីដឹកនាំក្រុមមិនឈ្នះជើងឯកលីគកំពូលស្កុតឡេន ១០រដូវកាលជាប់គ្នា របូតជើងឯកទៅក្រុមគូប្រជែង Glasgow Rangers ដែលដឹកនាំដោយ Steven Gerrard។
បុរសវ័យ ៥៥ឆ្នាំសញ្ជាតិក្រិក Ange Postecoglou បានមកកាន់តំណែងសនៅស្កុតឡេននេះ បន្ទាប់ពីដឹកនាំក្លិបជប៉ុន Yokohama F Marinos ឈ្នះជើងឯក J-League នៅឆ្នាំ២០១៩។ មុនទៅដល់ទឹកដីជប៉ុនបុរសសញ្ជាតិក្រិករូបនេះ បានដឹកនាំក្រុមជំរើសជាតិអូស្ត្រាលីឈ្នះជើងឯក AFC Asian Cup នៅឆ្នាំ២០១៥។ លោកក៏ធ្លាប់ដឹកនាំក្លិបជាច្រើននៅទឹកដីអូស្ត្រាលីផងដែរដូចជា Brisbane Roar ឈ្នះជើងឯកលីគកំពូលអូស្ត្រាលីនៅឆ្នាំ២០១១។ តាមពិតទៅលោក Ange Postecoglou គឺជាជំរើសទី២ ទេដែល Celtic ជ្រើសរើសជាអ្នកចាត់ការ បន្ទាប់ពីចរចាមិនត្រូវជាមួយលោក Eddie Howe ដែលជាអតីតអ្នកចាត់ការ AFC Bournemouth៕
អត្ថបទ៖នាង សុភាវុធ