
នៅពេលដែលលោក Joseph Boakai បានចូលរៀននៅមហាវិទ្យាល័យដ៏ល្បីល្បាញរបស់ប្រទេសលីបេរីយ៉ា នៅអាហ្វ្រិកខាងលិច ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ លោកបានបង់ថ្លៃសាលារបស់លោក ដោយធ្វើការជាអ្នកបោសសម្អាតសាលា ដោយជូតសម្អាតកម្រាលឥដ្ឋ និងដុះលាងបង្គន់នៅពេលយប់ ហើយសិក្សានៅពេលថ្ងៃ។
តែឥឡូវនេះ ជាមួយនឹងសំឡេងគាំទ្រ ៥០,៨៩ភាគរយ លោក Boakai ដែលជាអតីតអនុប្រធានាធិបតីវ័យ ៧៨ឆ្នាំ ត្រូវបានបោះឆ្នោតជ្រើសរើសឲ្យកាន់តំណែងកំពូលរបស់ប្រទេស ពោលគឺបន្ទាប់ទទួលបានជ័យជម្នះយ៉ាងប្រកៀកប្រកិតលើអតីតកីឡាករបាល់ទាត់ លោក George Weah ដែលកំពុងកាន់អំណាច។
ការចុះចាញ់របស់លោក Weah ត្រួសត្រាយផ្លូវឲ្យមានការផ្ទេរអំណាចតាមបែបប្រជាធិបតេយ្យជាលើកទី២ របស់ប្រទេសលីបេរីយ៉ា ក្នុងរយៈពេលជាង ៧ទសវត្សរ៍ ដោយលើកទី១ គឺនៅពេលដែលលោក Weah បានឡើងកាន់អំណាចកាលពី ៦ឆ្នាំមុន។
បន្ទាប់ពីបេក្ខជន ដែលខ្លួនពេញចិត្តបានឈ្នះការបោះឆ្នោត អ្នកគាំទ្ររបស់លោក Boakai និយាយថា ការខិតខំប្រឹងប្រែង ការដាក់ខ្លួន និងភាពស្ងប់ស្ងាត់របស់គាត់ ជាគុណសម្បត្តិ ដែលមានចំណែករួមពីជីវិត ដែលគាត់ឆ្លងកាត់តាំងពីកុមារភាពមកនោះ គឺជាអ្វីដែលអ្នកបោះឆ្នោតចង់បាន បន្ទាប់ពីការគ្រប់គ្រងរយៈពេល ៦ឆ្នាំរបស់លោក Weah ដែលដំបូងឡើយបាននាំមកនូវកិត្តិនាម និងភាពអស្ចារ្យ ចំពោះតំណែងប្រធានាធិបតីរបស់គាត់ ប៉ុន្តែចុងក្រោយត្រូវបានបំផ្លាញដោយអំពើពុករលួយ និងភាពរញ៉េរញ៉ៃផ្នែករដ្ឋបាល៕