មនុស្សប្រហែល ១៧០.០០០នាក់ បានដើរដង្ហែក្បួនឆ្លងកាត់ទីក្រុងម៉ាឌ្រីដ របស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃសៅរ៍ នៅក្នុងការតវ៉ាដ៏ធំបំផុតប្រឆាំងនឹងច្បាប់លើកលែងទោស ដែលគណបក្សសង្គមនិយមអេស្ប៉ាញ បានយល់ព្រមលើសំណើរបស់ក្រុមផ្តាច់ខ្លួននៃសហគមន៍កាតាឡូនីញ៉ា ក្នុងឆ្នាំ២០១៧ ដើម្បីបង្កើតរដ្ឋាភិបាលមួយ។

បាតុកម្ម ដែលជាការតវ៉ាចុងក្រោយបង្អស់នៅក្នុងទីក្រុងនានាទូទាំងប្រទេសប្រឆាំងនឹងការលើកលែងទោសនេះ បានកើតឡើងរយៈពេលពីរថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីបក្សសង្គមនិយមអេស្ប៉ាញ លោក ប៉េដ្រូ សានឆេស (Pedro Sanchez) បានឈ្នះតំណែងក្នុងអាណត្តិរយៈពេល ៤ ឆ្នាំដោយមានការគាំទ្រពីបណ្ដាគណបក្សជាតិនិយមកាតាឡាន់ និងបក្សបាស៎កេ (Basque) ជាថ្នូរនឹងការយល់ព្រមលើច្បាប់នោះ។

ក្រុមបាតុករជាច្រើនគ្រវីទង់ជាតិអេស្ប៉ាញ និងកាន់ស្លាកសញ្ញាដែលសរសេរថា «ជនក្បត់ សានឆេស» និង «កុំលក់ប្រទេសអេស្ប៉ាញ» បានធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ដែលសមាគមតុលាការចំនួនបួន គណបក្សនយោបាយប្រឆាំង និងមេដឹកនាំអាជីវកម្មបាននិយាយថា គំរាមកំហែងដល់នីតិរដ្ឋ និងការបំបែកអំណាច៕
-