ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យអ្នករកស៊ីលើវិស័យកសិកម្ម កុំប្រកួតប្រជែងគ្នាឯង រហូតបាត់បង់លទ្ធភាពជាមួយអ្នកខាងក្រៅ ប៉ុន្ដែគ្រប់ផ្នែកពាក់ព័ន្ធសត្រូវសហការគ្នាចូលរួមអភិវឌ្ឍន៍ និងលើកកម្ពស់លើវិស័យកសិកម្មផ្ទៃក្នុងរបស់កម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោក។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន ៣ ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា នៅក្នុងការធ្វើពាណិជ្ជកម្មក្នុងពិភពលោកបច្ចុប្បន្ន ប្រទេសកម្ពុជាក៏ត្រូវគោរពតាមច្បាប់ស្ដីពីការប្រកួតប្រជែងក្នុងទីផ្សារសេរី ហេតុនេះត្រូវធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ ស្មារតីប្រកួតប្រជែងក្នុងទីផ្សារសេរីដែលនាំឱ្យបាត់ទីផ្សារ។
សម្ដេចធិបតីបញ្ជាក់ថា រដ្ឋាភិបាលមិនមែនចេះតែអន្តរាគមន៍គ្រប់រឿងបាននោះទេ ព្រោះប៉ះពាល់ដល់ច្បាប់នៃការប្រកួតប្រជែងក្នុងទីផ្សារសេរី។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើដល់អ្នករកស៊ីទាំងអស់បង្កើនការផលិត និងពង្រឹងច្រវាក់ផលិតកម្មក្នុងប្រទេសឱ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីបញ្ជៀសការនាំចេញវត្ថុធាតុដើម ដែលបម្រើឱ្យការផលិតនៅក្រៅប្រទេសនោះ។
សូមជម្រាបថា កម្មវិធីគោលនយោបាយលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាថ្ងៃនេះ គឺជាកម្មវិធីជាតិដ៏សំខាន់មួយក្នុងការរក្សាស្ថិរភាពតម្លៃកសិផល និងជួយដល់សេដ្ឋកិច្ច និងប្រព័ន្ធមុខរបររបស់គ្រួសារកសិករ និងសន្តិសុខស្បៀង។ កម្មវិធីនយោបាយនេះ នឹងដាក់ចេញកញ្ចប់ថវិកាជាក់លាក់មួយដោយចាប់ផ្តើមពីចំនួន ១០០ លានដុល្លារ ហើយនឹងវិភាជថវិកាបន្ថែមទៀត ប្រសិនបើមានតម្រូវការចាំបាច់។
ក្រសួងកសិកម្មបានបញ្ជាក់ថា ដើម្បីអនុវត្តកម្មវិធីគោលនយោបាយនេះឱ្យទទួលជោគជ័យ ទាមទារឱ្យមានការចូលរួមពីស្ថាប័នជំនាញ និងអ្នកពាក់ព័ន្ធនានា។ បន្ថែមពីលើនេះ ត្រូវអនុវត្តឱ្យមានភាពប្រទាក់ក្រឡាគ្នាជាមួយគោលនយោបាយមួយចំនួនទៀត ដូចជាការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ និងគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប និងគម្រោងអភិវឌ្ឍន៍នានាក្នុងការចូលរួមកសាងខ្សែច្រវាក់ផលិតកម្មផ្សារភ្ជាប់នឹងទីផ្សារជាដើម៕ អត្ថបទ៖វ៉ន ដារ៉ា