«គោលដៅហេដ្ឋារចនាសម្ព័ន្ធ» ដែលមិនបានបញ្ជាក់ច្បាស់លាស់ នៅក្នុងតំបន់ទីក្រុងគីវ ត្រូវបានបំផ្លាញដោយយានដ្រូនរបស់រុស្ស៊ីក្នុងយប់ទីពីរនៃការវាយប្រហារតាមអាកាសដោយកងកម្លាំងវិមានក្រឹមឡាំង។

ក្រសួងការពារដែនអាកាសរបស់អ៊ុយក្រែន បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនចំនួន១៥ គ្រឿងក្នុងចំណោមយានដ្រូន Shaheedចំនួន២០គ្រឿង ដែលបានបាញ់បង្ហោះពីទីក្រុង Kursk នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ីមកលើតំបន់ភាគខាងជើង និងកណ្តាលរបស់ប្រទេស រួមទាំងរដ្ឋធានីផងដែរ។
ការជូនដំណឹងតាមអាកាស បានបន្លឺឡើងអស់រយៈពេលជាច្រើនម៉ោង។ ពុំមានអ្នករងរបួស ត្រូវបានគេរាយការណ៍ភ្លាមៗនោះទេ។

ការវាយប្រហារចុងក្រោយបង្អស់ បានធ្វើឡើង បន្ទាប់ពីការវាយប្រហារដោយយានដ្រូន និងការបាញ់ផ្លោងដោយកាំភ្លើងធំ កាលពីយប់ថ្ងៃសុក្រ ដែលបានបំផ្លាញរោងចក្រថាមពលនៅភាគខាងត្បូង និងខាងកើតរបស់ប្រទេសអ៊ុយក្រែន ដោយមានការកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះរាប់ពាន់ខ្នង។
ក្រុមហ៊ុនផលិតថាមពល DTEK បាននិយាយនៅលើ Telegram ថា អ្នកប្រើប្រាស់ប្រហែល ២.000 នាក់អត់មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីបណ្តាញអគ្គិសនី ត្រូវបានខូចខាតនៅក្នុងតំបន់Odesa។ ក្រសួងថាមពល បាននិយាយនៅលើហ្វេសប៊ុកថា ការវាយប្រហារដោយយានដ្រូន ក៏បានធ្វើឲ្យខូចខាតដល់ឃ្លាំងស្តុកប្រេង ក្នុងតំបន់នេះផងដែរ។