ភ្នំពេញ ៖ កំពង់ផែស្វ័យតភ្នំពេញ ចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា បានបង្ហាញរបាយការណ៍ចំណូលប្រចាំ ដោយចំណូលបានពីសកម្មភាពរបស់កំពង់ផែ ក្នុងរយៈពេលប្រាំខែ មានចំនួន ១២,៥លានដុល្លារ កើនឡើង១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
របាយការណ៍នេះ បានបង្ហាញថា រយៈពេល០៥ខែ ដើមឆ្នាំ២០២១នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ១២,៥០១,៦៨៦ដុល្លារ មានការកើនឡើង១០ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ មានចំនួន១១,៤១១,៧៨៦ដុល្លារ។
របាយការណ៍ បានបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅរយៈពេល០៥ខែនេះ រួមមាន ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន ៩,៦៧៣,៦៩៨ដុល្លារ ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ១,៣៧២,៩៨៥ដុល្លារ ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន១៧៣,៦១០ដុល្លារ និងទី៤៖ ចំណូលផ្សេងៗ មានចំនួន ១,២៨១,៣៩៣ដុល្លារ។
របាយការណ៍ បញ្ជាក់ទៀតថា ចំពោះចំណូលប្រចាំខែឧសភា ដែលកំពង់ផែស្វយ័តភ្នំពេញ ទទួលបានសរុបមានចំនួន ២,៣ លានដុល្លារ មានការកើនឡើង៣៧ភាគរយ បើធៀបនឹងខែឧសភា ឆ្នាំ២០២០ មានចំនួន ១,៧ លានដុល្លារ។
ដោយក្នុងនោះ ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបានប្រចាំខែឧសភា រួមមាន ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន ១,៩១៩,៩៣៧ដុល្លារ ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ២៥៦,៨៩០ដុល្លារ ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ៥៥,៨៧៥ដុល្លារ និងទី៤៖ ចំណូលផ្សេងៗ មានចំនួន ១៦២,២៧៩ដុល្លារ។
គួរបញ្ជាក់ថា កំពង់ផែស្វយ័តភ្នំពេញ រកចំណូលសរុប បាន២៩លានដុល្លារ ក្នុងឆ្នាំ២០២០ ធ្លាក់ចុះ៦ភាគរយ ធៀបនឹងឆ្នាំ២០១៩ ដោយសារសកម្មដឹកទំនិញចេញ-ចូល ថយចុះដោយសារការរីករាលដាលជំងឺកូវីដ-១៩៕
អត្ថបទ៖ វណ្ណៈ