ទីភ្នាក់ងារ Shin Bet ដែលជាទីភ្នាក់ងារសន្តិសុខក្នុងស្រុករបស់អ៊ីស្រាអែល បដិសេធការធ្វើទារុណកម្មលើជនសង្ស័យក្រុមហាម៉ាស ខណៈដែលពួកគេធ្វើកម្មវិធីសួរចម្លើយដ៏តឹងតែងបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការសាធារណៈប្រឆាំងនឹងការធ្វើទារុណកម្មក្នុងប្រទេសអ៊ីស្រាអែល បានចោទប្រកាន់ថា អ៊ីស្រាអែលប្រើយុទ្ធសាស្ត្រដូចជា ការធ្វើមិនឲ្យដេកលក់ ការឲ្យឈរដោយប្រើទម្ងន់ជើង និងសីតុណ្ហភាពក្តៅខ្លាំង ដើម្បីទទួលបានព័ត៌មានពីជនសង្ស័យ។

ទីភ្នាក់ងារនេះ កំពុងសួរចម្លើយជនសង្ស័យក្រុមហាម៉ាសដែលចាប់បាន ក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី៧ ខែតុលា ដើម្បីដកស្រង់ចម្លើយសារភាព ទទួលបានព័ត៌មានសម្រាប់ពេលអនាគត និងផលិតវីដេអូសម្រាប់អ៊ីស្រាអែល ដើម្បីផ្សព្វផ្សាយទៅកាន់លោកខាងលិច។ លោក Shalom Ben Hanan មន្ត្រីចារកម្មចូលនិវត្តន៍ដែលបានត្រឡប់មកធ្វើការវិញ ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ហើយបានឃើញការសួរចម្លើយនោះ បាននិយាយថា ការយកចិត្តទុកដាក់លើប្រព័ន្ធផ្សព្វផ្សាយ និង វីដេអូ គឺជាគោលដៅសំខាន់ណាស់ ក្នុងការសួរចម្លើយដ៏ជាក់លាក់នេះ។

នៅពេលដែលសារព័ត៌មាន NBC បានសួរថាតើជនសង្ស័យហាម៉ាស ដែលត្រូវបានគេឃើញនៅក្នុងវីដេអូដែលមាន«ស្នាមជាំនៅលើមុខ និងស្នាមនៅលើកដៃរបស់ពួកគេ ត្រូវបានគេធ្វើទារុណកម្មទេ លោកHanan បានបញ្ជាក់ថា មិនមាន«ការធ្វើទារុណកម្ម នៅក្នុងការសួរចម្លើយរបស់ទីភ្នាក់ងារ Shin Bet ប៉ុន្តែបានបន្ថែមថា៖«ពួកគេត្រូវបានចាប់ខ្លួននៅក្នុងការប្រយុទ្ធគ្នា។ វាមិនមែនជាការចាប់ខ្លួនតាមសម្រួលទេ។