យោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយភាគីទាំងសងខាងបាននិយាយថា ចំនួនអ្នកស្លាប់ដោយជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលនៅតែបន្តបានកើនឡើងលើសពី ១៤.៤០០នាក់ ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតំបន់ហ្កាហ្សា បានប្រកាសកាលពីថ្ងៃទី ១៩ ខែវិច្ឆិកាថា ចំនួនអ្នកស្លាប់នៅខាងភាគីប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានកើនឡើងលើសពី ១៣.០០០នាក់ ចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា។

លោក Ismail al-Thawabta អគ្គនាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ក្នុងចំណោមអ្នកស្លាប់មានកុមារ ៥.៥០០នាក់ និងស្ត្រីចំនួន ៣.៥០០នាក់ ខណៈ ជាង ៣០.០០០នាក់ ផ្សេងទៀតបានរងរបួសក្នុងស្ថានភាពផ្សេងៗគ្នា។

លោកនិយាយថា មានមនុស្សជាង ៦.០០០នាក់ បានបាត់ខ្លួន ក្នុងនោះមានកុមារ និងស្ត្រីចំនួន ៤.០០០នាក់ នៅតែស្ថិតនៅក្រោមកម្ទេចកម្ទីបាក់បែកនៃអគារដែលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៊ីស្រាអែល។ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានបញ្ជាក់ថា ជម្លោះនៅបន្តនេះបានសម្លាប់មនុស្ស ២១៥នាក់ និងរបួសជាង ២.៨០០នាក់ នៅតំបន់ West Bank។
នៅថ្ងៃដដែលនេះដែរ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ពីការស្លាប់របស់ទាហាន ៥៧នាក់ និងរងរបួសជាច្រើននាក់ ចាប់តាំងពីខ្លួនចាប់ផ្តើមប្រតិបត្តិការតាមដីគោកនៅតំបន់ហ្កាហ្សា។ ផ្អែកលើទិន្នន័យកាលពីពេលមុនរបស់អ៊ីស្រាអែល វាត្រូវបានគេប៉ាន់ប្រមាណថា ពលរដ្ឋអ៊ីស្រាអែលប្រហែល ១.២០០នាក់ បានបាត់បង់ជីវិតនៅក្នុងជម្លោះនេះ។
យោងតាមសារព័ត៌មាន The Times of Israel នាយសេនាធិការការពារជាតិអ៊ីស្រាអែល ឧត្តមសេនីយ៍ឯក Herzi Halevi បានអនុម័តផែនការដើម្បីបន្តការវាយលុកតាមដីគោកនៅតំបន់ហ្កាហ្សា ហើយកងទ័ពអ៊ីស្រាអែល ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការនៅភាគខាងត្បូងតំបន់ហ្កាហ្សាផងដែរ។