
លោកស្រី Rosalynn Carter ភរិយារបស់លោក Jimmy Carter ដែលជាប្រធានាធិបតីអាមេរិកទី៣៩ បានទទួលមរណភាពហើយ កាលពីថ្ងៃអាទិត្យ (ទី១៩ ខែវិច្ឆិកា) នៅគេហដ្ឋានរបស់លោកស្រី ក្នុងទីក្រុង Plains រដ្ឋចចជៀ (Georgia) ក្នុងវ័យ ៩៦ឆ្នាំ។
មជ្ឈមណ្ឌល Carter ជាអង្គការក្រៅរដ្ឋាភិបាលដែលបង្កើតឡើងដោយគូស្វាមី-ភរិយា Jimmy Carter-Rosalynn Carter បានឲ្យដឹងថា៖ «លោកបានលាចាកលោកនេះដោយជរាពាធ ជាមួយនឹងវត្តមាននៃសមាជិកគ្រួសារឈរនៅក្បែរលោកស្រី»។ ចំណែកស្វាមីលោក Jimmy Carter ដែលឥឡូវនេះមានវ័យ ៩៩ឆ្នាំ បាននិយាយថា៖ «លោកស្រី Rosalynn គឺជាដៃគូដ៏ស្មោះស្មោះ នៅក្នុងគ្រប់អ្វីៗទាំងអស់ដែលខ្ញុំធ្លាប់សម្រេចបាន»។
បើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក បានឲ្យដឹងថា កេរ្តិ៍ដំណែលបុគ្គលដ៏យូរអង្វែងបំផុតរបស់លោកស្រី Rosalynn Carter នឹងក្លាយជាកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី ក្នុងការកាត់បន្ថយការមាក់ងាយដែលពាក់ព័ន្ធនឹងមនុស្សដែលមានជំងឺផ្លូវចិត្ត និងការតស៊ូរបស់លោកស្រី ដើម្បីទទួលបានភាពស្មើគ្នា និងការទទួលបានការព្យាបាលសុខភាពផ្លូវចិត្ត។
ក្រោយទទួលបានដំណឹងទទួលមរណភាពរបស់អតីតស្ត្រីទី១ នេះ មេដឹកនាំជាច្រើនរូបទាំងបច្ចុប្បន្ន និងអតីត បានសម្ដែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់លោកស្រី៕