នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានប្រកាសពីគំនិតផ្តួចផ្តើមវិទ្យាសាស្ត្រថ្មីមួយ ដើម្បីនាំឲ្យមានការរួមគ្នាធ្វើការលើការអភិវឌ្ឍដំណាំដែលធន់នឹងអាកាសធាតុ ខណៈដែលរដ្ឋាភិបាលរបស់លោកធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសន្តិសុខស្បៀងអាហារសកល នៅទីក្រុងឡុងដ្រ៍ នាថ្ងៃចន្ទ (ទី២០ ខែវិច្ឆិកា) នេះ។
កិច្ចប្រជុំកំពូល ដែលជាគំនិតផ្តួចផ្តើមរួមគ្នា រវាងចក្រភពអង់គ្លេស សូម៉ាលី អារ៉ាប់រួម មូលនិធិវិនិយោគរបស់កុមារ និងមូលនិធិ Bill & Melinda Gates គ្រោងនឹងមានការចូលរួមពីតំណាងមកពីជាង ២០ប្រទេស។
ចក្រភពអង់គ្លេសបានឲ្យដឹងថា មជ្ឈមណ្ឌលវិទ្យាសាស្ត្រនិម្មិតថ្មី នឹងត្រូវដឹកនាំ CGIAR ដែលជាដៃគូស្រាវជ្រាវសកល ដែលបង្រួបបង្រួមបណ្ដាអង្គការអន្តរជាតិនានា ដែលធ្វើការលើសន្តិសុខស្បៀង ហើយនឹងភ្ជាប់អ្នកវិទ្យាសាស្ត្រចក្រភពអង់គ្លេសជាមួយនឹងគំនិតផ្តួចផ្តើមស្រាវជ្រាវ ដើម្បីបង្កើតនូវដំណាំ ដែលអាចទប់ទល់នឹងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ និងមានភាពធន់នឹងជំងឺ៕