ក្រចេះ ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មនុស្សពីនាក់ត្រូវបានជំនាញ រដ្ឋបាលជលក្រចេះ ចាប់ឃាត់ខ្លួនកសាងសុំណុំរឿង ទៅកាន់សាលាដំបូងខេត្តក្រចេះ ដោយគេសង្សយ័ ថា ជាប់ពាក់ពន្ឋ័ប្រព្រឹត្តបទល្មើសនេសាទ ខុសច្បាប់ (ឆក់ត្រី) ។
ការចាប់ខ្លួនមនុស្សទាំងពីរនាក់ បានធ្វើឡើង ក្រោយពេលដែលកំលាំងជំនាញ រដ្ឋបាលជលផលក្រចេះ ជាមួយអធិការជលផលមេគង្គ សហការជាមួយ គណៈកម្មការខេត្ត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះល្បាតឃ្លាំមើលការប្រព្រឹត្ត បទល្មើសនេសាទ កាលពីយប់ថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមភូមិសាស្រ្ត ក្បាលកោះច្រែង ឃុំកោះច្រែង ស្រុកចិត្របុរីខេត្ក្រចេះ តាមដងទន្លេមេគង្គ។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និយាយអោយដឹងថា ជនសង្ស័យត្រូវបានកំលាំងជំនាញចាប់ឃាត់ខ្លួនមានឈ្មោះ ទី១ - ឈ្មោះ ពេជ្រ ម៉ែន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអន្លង់ព្រះគោ ឃុំវឌ្ឍនៈ ស្រុកសំបូរ។ ជននេះគឺជាមុខសញ្ញាឆក់ត្រីដ៏សកម្មនៅតាមតំបន់នានា ក្នុងកន្លែងគ្រប់គ្រង និងការពារសត្វផ្សោត នៅស្រុកសំបូរកន្លងមក ហើយត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញកោះអោយចូលខ្លួន ដើម្បីណែនាំអប់រំ ធ្វើកិច្ចសន្យា២ដងរួចមកហើយដែរ ប៉ុន្តែជននេះនៅតែប្រព្រឹត្តបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ត្រីដដែល។ ទី២- ឈ្មោះ ធុ លី ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វ។
លោកនាយខណ្ឌរដ្ឋបាលជលផល បានបន្តអោយដឹងថា ក្រៅពី មនុស្សពីរនាក់ ត្រូវបានចាប់ឃាត់ខ្លួន កំលាំងជំនាញសម្រេចរឹបអូសបាន វត្ថុតាមួយចំនួនរួមមាន ៖ ទូកស្មាច់០១គ្រឿង បណ្តោយ៥,៩ម ទទឹង០,៧០ម ជម្រៅ០,៥០ម ម៉ាស៊ីនម៉ាកឡុងស៊ីន កម្លាំង២២សេស ០១គ្រឿង អាំងវែកទ័រឆក់ត្រីចំនួន ០២គ្រឿង (ឆក់ស្រូប០១គ្រឿង ឆក់ក្តៅ០១គ្រឿង អាគុយ៧០អាំព័រ ០១គ្រឿង កន្ត្រង់ដងត្រីចំនួន០២គ្រឿង ខ្សែកាប និងខ្សែភ្លើងប្រវែង០៩ម និងត្រីចម្រុះនៅក្នុងទូកប្រហែល២០គក្រ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលជលផលក្រចេះ កសាងសំណុំឯកសារតាមនីតិវិធីបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះ ចាត់ការបន្តតាមច្បាប់ស្តីពីជលផល ។ បើយោងតាមច្បាប់ស្តីពី ជលផល មាត្រាទី ៩៨ ត្រង់ចំណុចទី០៤ គឺជនសង្ស័យត្រូវទទួលទោសជាប់ពន្ធនាគារពី ០៣ឆ្នាំ ទៅ ០៥ឆ្នាំ រីឯវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល៕ ដោយ សេង ម័រ









