ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) ថា លោកជឿជាក់ថា កិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ ដែលត្រូវបានចាប់ខ្លួនក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា គឺជិតឈានដល់ហើយ ដោយលោកបានប្រាប់អ្នកសារព័ត៌មានបែបនេះពេលត្រូវបានសាកសួរនៅសេតវិមានអំពីលទ្ធភាព នៃកិច្ចព្រមព្រៀងចំណាប់ថ្នូរ។
សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីសប្តាហ៍មុនដោយដកស្រង់សម្តីក្រុមមន្ត្រីជុំវិញកិច្ចពិភាក្សានេះថា ក្រុមអ្នកសម្រុះសម្រួលជនជាតិកាតា បាននឹងកំពុងព្យាយាមឲ្យមានកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីផ្លាស់ប្តូរចំណាប់ថ្នូរចំនួន ៥០នាក់ ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៣ថ្ងៃ ដែលនឹងជួយជំរុញការដឹកជញ្ជូនជំនួយសង្គ្រោះបន្ទាន់ដល់ជនស៊ីវិលនៅតំបន់ហ្កាហ្សា។

ចំណាប់ថ្នូរប្រហែល ២៤០ នាក់ ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការវាយឆ្មក់ឆ្លងព្រំដែនដ៏បង្ហូរឈាមរបស់ក្រុមហាម៉ាស ចូលទៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដែលបានជំរុញឱ្យអ៊ីស្រាអែល វាយប្រហារទឹកដីប៉ាឡេស្ទីនដ៏តូចមួយនេះដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមមួយនេះចោល។
ទោះបីជាមានការប្រយុទ្ធគ្នាជាបន្តបន្ទាប់ក៏ដោយ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិក លោក Michael Herzog បានប្រាប់សារព័ត៌មាន ABC កាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល សង្ឃឹមថា ចំណាប់ថ្នូរជាច្រើនអាចត្រូវបានដោះលែងដោយក្រុមហាម៉ាស «ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ»៕
