អ្នកនាំពាក្យកងទ័ព លោក Daniel Hagari បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងអ៊ីស្រាអែល បានរកឃើញរោងចក្រផលិតអាវុធនិងយានដ្រូន(UAVs) នៅក្រោមវិហារអ៊ីស្លាមមួយកន្លែងក្នុងតំបន់ហ្កាហ្សា ។
លោក Hagari និយាយថា ទាហានក៏បានរកឃើញច្រកផ្លូវរូងក្រោមដីមួយផងដែរ បន្ទាប់ពីបានស្វែងរកវិហារឥស្លាមនៅក្នុងសង្កាត់ជិតខាង Zaytun។

កងទ័ពអ៊ីស្រាអែល បានបញ្ចេញវីដេអូកាលពីថ្ងៃចន្ទ អំពីអ្វីដែលពួកគេនិយាយថាជាមន្ទីរពិសោធន៍អាវុធមួយកន្លែងនៅក្រោមវិហារឥស្លាមក្នុងសង្កាត់ជិតខាង Zaytun នៅតំបន់ហ្កាហ្សា។
ជាមួយគ្នានេះ យោធាអ៊ីស្រាអែលបានចេញផ្សាយវីដេអូ កាលពីថ្ងៃចន្ទ បង្ហាញពីការវាយប្រហារទៅលើអគារនានាក្នុងប្រទេសលីបង់ ដែលខ្លួនជឿថាមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡា (Hezbollah)។

កងទ័ពអ៊ីស្រាអែល និយាយនៅក្នុងការបង្ហោះនៅលើគណនីតេឡេក្រាមផ្លូវការ របស់ពួកគេថា កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារជាបន្តបន្ទាប់តាមយន្តហោះចម្បាំង រថក្រោះយោធា និងឧទ្ធម្ភាគចក្រ ទៅលើហេដ្ឋារចនាសម្ព័ន្ធ ដែលគេជឿថាធ្វើប្រតិបត្តិការដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយប្រទេសអ៊ីរ៉ង់។