សេតវិមានបាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping កាលពីសប្តាហ៍មុន បានព្រមព្រៀងថានឹងជួបគ្នាម្តងទៀត ប៉ុន្តែពុំបានបញ្ជាក់ច្បាស់ពីកាលបរិច្ឆេទនៅឡើយ។ មេដឹកនាំទាំងពីរបានជួបគ្នា នៅជាយក្រុង សាន់ហ្វ្រាន់ស៊ីស្កូ និងបានព្រមព្រៀងបង្កើតឡើងវិញទំនាក់ទំនងយោធានិងយោធា។ អ្នកនាំពាក្យសេតវិមាន លោក John Kirby បាននិយាយថា មេដឹកនាំទាំងពីរ បានព្រមព្រៀងថានឹងមានជំនួបមួយផ្សេងទៀត ប៉ុន្តែពុំបានកំណត់កាលបរិច្ឆេទនៅឡើយ។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី(Wang Yi) បានធ្វើសន្និសីទសារព័ត៌មាន នៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក អំពីលទ្ធផលនៃទំនាក់ទំនងចិន-អាមេរិក ដែលរំពឹងទុកច្រើន។ លោក Wang បាននិយាយថា មេដឹកនាំទាំង២បានឈានដល់ការឯកភាពគ្នាជាង ២០ចំណុច ក្នុងវិស័យនយោបាយ និងការទូត ប្រជាជននិងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌ អភិបាលកិច្ចពិភពលោក និងសន្តិសុខយោធាក្នុងចំណោមបញ្ហាជាច្រើនទៀត។

លោក លើកឡើងថា មានលទ្ធផលជាច្រើននៃជំនួបនោះ ដែលប្រធានាធិបតីទាំងពីរ សម្រេចបាន។ មេដឹកនាំទាំង២ បានពិភាក្សាគ្នា និងមានកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា សមភាព និងផលប្រយោជន៍ទៅវិញទៅមក។
លោក Wang និយាយថា ភាគីទាំង២ក៏បានព្រមព្រៀងគ្នាក្នុងការពង្រីកកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងចិននិងអាមេរិក និងបន្តការងារផ្នែកគណៈកម្មការរួមស្ដីពីវប្បធម៌រវាងប្រទេសទាំង២ អាមេរិក-ចិន៕