ចលនាហេបូឡារបស់ប្រទេសលីបង់ បាននិយាយថា ខ្លួនបានកំណត់គោលដៅលើកងទ័ពនៅប្រទេសអ៊ីស្រាអែលនៅភាគខាងជើងដោយយានដ្រូន កាំភ្លើងធំ និងមីស៊ីល កាលពីថ្ងៃចន្ទ ដោយអះអាងពីការវាយប្រហារថ្មីៗ ជាបន្តបន្ទាប់។

ព្រំដែនអ៊ីស្រាអ៊ែល-លីបង់ បានបាញ់ប្រហារគ្នាទៅវិញទៅមក ជារៀងរាល់ថ្ងៃ ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើម នៅថ្ងៃទី៧ ខែតុលា។
ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមសកម្មប្រយុទ្ធហេបូឡា បានកំណត់គោលដៅលើទាហាននៅភាគខាងលិចនៃទីក្រុង Kiryat Shmona នៅប្រទេសអ៊ីស្រាអែលភាគខាងជើងជាមួយនឹងយានដ្រូនចំនួនបីគ្រឿង ដោយបន្ថែមថា ភ្លាមៗនោះ ខ្លួនក៏បានកំណត់គោលដៅលើកងទ័ពនៅក្នុងតំបន់នេះ ជាមួយនឹងការបាញ់កាំភ្លើងធំផងដែរ។

សេចក្តីថ្លែងការណ៍ទាំងពីរ បានអះអាងថា ការវាយប្រហារនេះ គឺជាការវាយប្រហារដោយផ្ទាល់។
កាលពីព្រឹកថ្ងៃចន្ទ ក្រុមហេសបូឡា បាននិយាយថា ខ្លួនបានបាញ់មីស៊ីល Burkan ទៅកាន់បន្ទាយអ៊ីស្រាអែល ហើយថែមទាំង បានអះអាងពីការវាយប្រហារមួយចំនួនទៀតលើទីតាំងរបស់អ៊ីស្រាអែល។
កងទ័ពអ៊ីស្រាអែល បាននិយាយថា យានអាកាសគ្មានមនុស្សបើក (UAVs) ចំនួនបីគ្រឿង ត្រូវបានកំណត់ថា បានវាយប្រហារនៅជិតប៉ុស្តិ៍កងទ័ព ដោយមិនបានបញ្ជាក់កន្លែងណានោះទេ។ កងទ័ព បានបន្ថែមថា៖«មិនមានអ្នករងរបួស ត្រូវបានរាយការណ៍ទេ»។